Connect with us

Hi, what are you looking for?

បរិស្ថាន

ក្រសួងបរិស្ថាន ព្រមានកំណើនកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់(PM2.5 និងPM10) អាចមានកម្រិតលើសពីស្ដង់ដារកំណត់ ដែលជាហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន

ក្រសួងបរិស្ថានជំរុញកការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដើម្បីការពារ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅកម្ពុជា ខណៈគុណភាពខ្យល់នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសមានការធ្លាក់ចុះ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់(PM2.5 និងPM10) អាចមានកម្រិតលើសពីស្ដង់ដារកំណត់ ដែលជាហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន ស្នើដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដើម្បីការពារ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅកម្ពុជា ខណៈគុណភាពខ្យល់នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសមានការធ្លាក់ចុះ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់(PM2.5 និងPM10) អាចមានកម្រិតលើសពីស្ដង់ដារកំណត់ ដែលជាហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។

បើតាមក្រសួងបរិស្ថាន រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចជា៖ ១. អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។ ២. ទប់ស្កាត់ការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង ការដុតសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ និងការឆេះទីលានចាក់សំរាម។ ៣. ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។ ៤. ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវនិងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ ៥. ត្រៀមមធ្យោបាយ សម្ភារ បរិក្ខារ ដើម្បីទប់ស្កាត់ ឬ ពន្លត់ភ្លើង ករណីមានការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង និងការដុតសំណល់ផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រសួងបរិស្ថានស្នើរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការជាបន្ទាន់ ដោយអនុលោមទៅតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយមិនមានការលើកលែងដល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមិនបានអនុវត្តនូវវិធានការដូចជា៖ ១. បញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ២. បញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ។ ៣. រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថាការបញ្ចេញសារធាតុបំពុលខ្យល់ឆ្លើយតបតាមស្តង់ដារបញ្ចេញ។

ក្រសួងបរិស្ថាន ក៏បានបញ្ជាក់ថា ក្នុងករណីសង្កេតឃើញមានម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មមិនអនុវត្តទៅតាមវិធានការខាងលើ ក្រសួងបរិស្ថានស្នើរដ្ឋបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ អនុលោមទៅតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដោយមិនមានការលើកលែង៕