សៀមរាប÷ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ម៉ោង ១៥,០០នាទី
កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួល បណ្ដឹងផ្ទាល់ មាត់ពី ប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍សង្ស័យថាមានអ្នកលួចអាឈើដោយ ខុសច្បាប់ នៅចំណុច ក្រវិល ស្ថិតក្នុងភូមិ ទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ករណីនេះ ទំនងប្រជាពលរដ្ឋ អស់ទំនុកចិត្តលើរដ្ឋបាលព្រៃឈើស្រុកជីក្រែងហើយ មើលទៅទើបទូរស័ព្ទទៅប្ដឹង កងរាជអាវុធហត្ថ ដូច្នេះ។ បន្ទាប់ពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះមកដល់ទីតាំងបានឃើញជនសង្ស័យ០២នាក់ (ជាអ្នកអារឈើ) ដែលកំពុងប្រព្រឹត្តបទល្មើសអាឈើពិតប្រាកដមែន។ បន្ទាប់មកលុះដល់ម៉ោង១៨:០០នាទី ថ្ងៃខែឆ្នាំដ៏ដែល បន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ។ (ជាអ្នកទិញឈើដើមម៉ៅក្នុងចំការ)រីឯ ឈ្មោះ ហាប ព្រលិត បច្ចុប្បន្នរស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែងខេត្តសៀមរាប ជា អ្នកទិញ បន្តក្រោយឈើអាក្លាយជាគ្រឿងរួច។បើយោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋថាលោក ហាប ព្រលិត គឺជាឈ្មួញដឹកឈើ ដុះស្លែ ចាស់វស្សា ប្រចាំស្រុកជីក្រែង រដ្ឋបាលព្រៃឈើ មិនដែល ធ្លាប់បានបង្ក្រាបម្តងណាឡើយ ពួកគាត់ បញ្ជាក់ ករណីឈើដែល ក្រុមចម្រុះ ចុះបង្ក្រាបនេះក៏ត្រូវបាន លោក ហាប ព្រលិត ទទួលទិញបាន ជាច្រើន ម៉ែត្រគូបផងដែរ។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ វត្ថុតាងដកហូតរួមមាន៖ ម៉ាសុីនអាឈើ ០២គ្រឿង,ម៉ាសុីនរ៉ៃចល័ត ០១គ្រឿង ,គោយន្តកន្រ្តៃ ០១គ្រឿង, ប្រភេទឈើយ៊ាង និងប្រភេទឈើឃ្លុំ សរុបចំនួន ៥,៨០៥ ម៉ែត្រគូប។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំង កងរាជអាវុធហត្ថ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្ត និតិវិធីបន្ត។ចំណែក លោក ហាប ព្រលិត ជាមេឈ្មួញទទួលទិញឈើ ខុសច្បាប់ នេះវិញនៅតែត្រូវបានរួចខ្លួន ដដែល ដោយមន្ត្រីជំនាញមិនទាន់មាន ចំណាត់ការអ្វីនៅឡើយ៕
អ៊ុក ផ្លុង



