PUTRAJAYA ថ្ងៃទី 14 ខែសីហា (Bernama) — លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បាននិយាយថា លោកបានស្នើសុំនាយករដ្ឋមន្ត្រី Datuk Seri Anwar Ibrahim ដើម្បីទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះក្នុងប្រទេសទាំងពីរ រួមជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
លោកបាននិយាយថា AOT មានតំណាងមកពីរដ្ឋសមាជិកអាស៊ាន ហើយនឹងត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់នៅលើមូលដ្ឋាន ដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។

ឧត្ដមសេនីយ៍Tan Sri Mohd Nizam Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី
លោកបានប្រាប់អ្នកយកព័ត៌មាន ថា ៖«នេះគឺជាកិច្ចការដ៏ធ្ងន់មួយ ពីព្រោះមានព្រំដែនប្រហែល 840 គីឡូម៉ែត្រ ដែលត្រូវត្រួតពិនិត្យ។ សម្រាប់កិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រផ្នែកដឹកជញ្ជូនពីសហរដ្ឋអាមេរិក»។
លោកបាននិយាយថា បន្ទាប់ពីការបញ្ចប់នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលរួមមានអនុព័ន្ធយោធាមកពីបណ្តាប្រទេសអាស៊ាន។
លោក Mohd Nizam បាននិយាយថា ក្រុមនេះដឹកនាំដោយទីប្រឹក្សា អនុពន្ទយោធាប្រទេសម៉ាឡេស៊ីនៅទីក្រុងបាងកក និងទីក្រុងភ្នំពេញ។
«ជំហានដំបូងសម្រាប់ក្រុមនេះគឺធ្វើសន្និសីទសង្ខេបនៅទីក្រុងបាងកកសម្រាប់មន្រ្តីជាន់ខ្ពស់ចំនួន 75 នាក់នៅប្រទេសថៃអំពីវិធានការដែលត្រូវអនុវត្ត។
លោកបានបន្តថា៖ «ដូចគ្នានឹងធ្វើនៅភ្នំពេញនៅថ្ងៃស្អែកនិងថ្ងៃបន្ទាប់មុនពេលពួកគេធ្វើទស្សនកិច្ចទៅតំបន់ជម្លោះ»។
លោក Mohd Nizam បាននិយាយថាអាណត្តិសំខាន់នៃ IOT គឺដើម្បីធានាថា បទឈប់បាញ់ត្រូវបានអនុវត្តន៍ និងដើម្បីស៊ើបអង្កេតការរំលោភដែលបានរាយការណ៍ពីភាគីទាំងពីរ។
ថៃ និងកម្ពុជា ធ្លាប់បានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់គ្នាយ៉ាងតឹងរ៉ឹងនៅតាមព្រំដែនរួមគ្នា ដោយភាគីទាំងពីររក្សាទីតាំងកងទ័ពបច្ចុប្បន្ន និងមិនបង្កើនកម្លាំងយោធា។