កំពង់ចាម: អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី ១៣ កញ្ញា ២០២៦នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្រ្ត

ព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបង្ការ និងបញ្ចៀសនូវការខ្វះខាតទឹកស្រោចស្រព ខណៈស្រូវប្រមាណជិត៥០០ហិកតា ក្នុងឃុំស្វាយពោធិ៍ និងឃុំខ្នារស ត្រូវរងគ្រោះរាំងស្ងួត ។
លោកអភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវសហការគ្នាជាមួយ អាជ្ញាធរស្រុក ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍ សង្គ្រោះស្រូវដែលប្រជាកសិករយេីងបានដាំដុះ ដោយកុំឱ្យប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពបន្តទៀត ។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេ ចំនួន១២ខ្សែ និងប្រឡាយ រងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូច ធំចំនួន ១៩៥កន្លែង ដោយមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រខ្នាតធំ ៧គ្រឿង មួយ កន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ប្រមាណ ៩.០០០ហិកតា លាតសន្ធឹង ចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតទៅដល់បណ្ដាឃុំមួយចំនួន ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងរដូវវស្សា ខណៈគម្រោងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ៣២ លានដុល្លាអាមេរិក៕
