Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ

ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ

(ភ្នំពេញ)៖ នៅឆ្នាំ២០២៦នេះ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ខែប្រមាណ២២៩ដុល្លារដែលមានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗប្រមាណ២២៩,៥ដុល្លារដោយមិនគិតប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀត។

បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជាខ្ពស់ជាងប្រទេសផលិតកម្មសំខាន់ៗមួយចំនួន រួមមាន ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី ១៤៧ដល់២១១ដុល្លារ ទៅតាមតំបន់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស៊ុន មេសា បានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពកម្មករនិយោជិត ស្របពេលរក្សាតុល្យភាពរវាងផលប្រយោជន៍កម្មករ លទ្ធភាពរបស់និយោជក និងភាពប្រកួតប្រជែងរបស់វិស័យផលិតកម្ម។

បើតាមអ្នកនាំពាក្យរូបនេះដដែល ក្រៅពីប្រាក់ឈ្នួល កម្មករនិយោជិតកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម រួមមានការថែទាំសុខភាព ហានិភ័យការងារ ប្រាក់សោធន និងអត្ថប្រយោជន៍ជាច្រើនទៀត ដែលជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងសន្តិសុខប្រាក់ចំណូលរបស់បងប្អូនកម្មករ៕