ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កសារព័ត៌មានជាច្រើនអង្គភាពទៀត បានធ្វើដំណើរដោយជិះទូកប្រជានេសាទចេញពីភូមិធន់មន់ សង្កាត់បារាយ ក្រុងដូនកែវ ដើម្បីចុះដល់ទីតាំងដែលប្រព្រឹត្តនូវបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះ ស្រាប់តែប្រទះឃើញនូវបទល្មើសនេសាទប្រភេទស្បៃមុង ជាច្រើន
កន្លែង(រាប់១០០០ម៉ែត្រ)កំពុងបង្អួតរាងនៅលើផ្ទៃទឹក ស្ថិតក្នុងស្រុកបូរីជលសារ ស្រុកអង្គរបុរី និងស្រុកកោះអណ្តែត។
ចំពោះទីតាំងឃុំក្នុងស្រុកនីមួយៗដែលសំបូរបទល្មើសនេសាទរួមមាន៖- ស្រុកបូរីជលសារ មានចំនួន៣ឃុំ១/ឃុំជ័យជោគ២/ឃុំកំពង់ក្រសាំង៣/ឃុំបូរីជលសារ- ស្រុកអង្គរបូរី មានចំនួន១ឃុំ១/ឃុំគោកធ្លក-ស្រុកកោះអណ្តែត មានចំនួន១ឃុំ១/ឃុំរមេញក្នុងចំនួនទាំង៣ស្រុក ក្នុងខេត្តតាកែវនេះ គឺ មានតែស្រុកបូរីជលសារប៉ុណ្ណោះទេ ដែលសំបូរបទល្មើសនេសាទដោយខុសច្បាប់ច្រើនជាងគេ ក្នុងរដូវបិទនេសាទនេះ។
យោងតាមប្រភពពីប្រជានេសាទ ដែលនេសាទលក្ខណៈគ្រួសារ បានបង្ហើបប្រាប់ក្រុមការងារយើងឲ្យដឹងថា របាំងស្បៃមុងដែលមានប្រវែងវែងរាប់១០០០ម៉ែត្រនេះ គឺសុទ្ធសឹងតែជាជនជាតិវៀតណាម ដែលមកនេសាទដោយខុសច្បាប់នៅស្រុកខ្មែ មានអ្នករត់ការណ៍យកលុយពីក្រុមឈ្មួញទាំងនោះយកទៅចាត់ចែងជាមួយបុគ្គលពាក់ព័ន្ធ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះអភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំង ឡាយ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាង ណាទប់ស្កាត់ ឱ្យបានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រីពង ដែលចាប់ផ្ដើមហាមឃាត់ពីខែសីហា ដល់ខែ តុលាខាងមុខ។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ក៏បានទទូចស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ចាត់វិធានការយ៉ាងណាកុំឱ្យមានបទល្មើសនេសាទនៅ ក្នុងភូមិសាស្ត្រស្រុកទាំងបីខាងលើនេះនៃខេត្តតាកែវ ឲ្យសមស្របទៅតាមអ្វីដែលគេហៅថា កំណែទម្រង់នោះផង។
បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានរដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្តីពីរដូវបិទនេសាទក្នុងឆ្នាំ២០២៥ ក្នុងខេត្តតាកែវ គឺគិតចាប់ពីថ្ងៃទី១ កក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ក្នុងរដូវបិទនេសាទនេះ រដ្ឋបាលជលផលសង្កត់ធ្ងន់ថា អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍លក្ខណៈគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។
ពលរដ្ឋសំណូមពរដល់អភិបាលខេត្តតាកែវ -នាយឧត្តមសេនីយ៍ សៅ សុខា -លោកមេបញ្ជាការអាវុធហត្ថខេត្តតាកែវ -រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ-ប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទមេត្តាជួយត្រួតពិនិត្យចំពោះភាពមិនប្រក្រតីទាំងនេះផងជាពិសេស មានលោក សៅ កុសល លោកនាយខណ្ឌរដ្ឋបាលជលផល ដែលពលរដ្ឋចោទថា ជាអ្នកបើកដៃឲ្យមានបទល្មើសបែបនេះតែម្តង។
មេគង្គញូវស៍ មិនទាន់អាចទំនាក់ទំនង ភាគីពាក់ព័ន្ធបាននៅឡើយ៕
