Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

លោក អ៊ុន ចាន់ដា ផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និងសិស្សមានពិការភាព សិស្សកំព្រា​ចំនួន​ ៧នាក់ នៅក្នុងក្រុងកំពង់ចាម

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្តល់កុំព្យូទ័រយួរដៃ ថវិកា​ និងសម្ភារសិក្សាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៦នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ព្រមទាំងសិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា​ ដែលប្រឡងជាប់បាក់ឌុប

ចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម ពិធីនេះត្រូវបានធ្វើឡើង​នារសៀលថ្ងៃទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៥ នៅសាលាខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា​ នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាមយេីង ផងដែរ ។

ជាមួយគ្នានោះ​លោកអភិបាលខេត្ត ក៏បានផ្តល់ជូនសិស្សនិទ្ទេស A នៅក្នុងក្រុងកំពង់ចាមទាំង ២៦នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (laptop) ១ គ្រឿង, ថវិកា ចំនួន ១លានរៀល,​ និង​សម្ភារសិក្សាមួយចំនួន​។ ផ្តល់ជូនសិស្សមានពិការភាព នៃវិទ្យាល័យអប់រំពិសេស ជាប់បាក់ឌុប​ ចំនួន ៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ២លានរៀល ​សម្ភារសិក្សាមួយចំនួន​ និងអាហារូបករណ៍។ សិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា ចំនួន ១នាក់ ទទួលបាន កុំព្យូទ័រ (Laptop) ១គ្រឿង ថវិកា ១លានរៀល សម្ភារសិក្សាមួយចំនួន និងអាហារូបករណ៍ ព្រមទាំងឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង ៥ក្នុងក្រុងកំពង់ចាម ដោយក្នុង​ ១វិទ្យាល័យ ទទួលបានថវិការចំនួន ២លានរៀល ផងដែរ ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា​ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩​ សីហា​ ២០២៥នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនមកប្រឡងចំនួន ៩៣៥៦នាក់ បេក្ខជនប្រឡងជាប់ចំនួន ៧៧៥០នាក់ ស្មើនឹង ៨២.៨៣% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១៤១នាក់ ខណៈ បេក្ខជនប្រឡងជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន៣,០០៣នាក់ ៕