Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រោយមានជម្លោះនៅប្រាសាទតាមាន់ធំ! កម្ពុជា-ថៃ សម្រេចថា ទុកឱ្យកម្លាំងឈរជើងនៅប្រាសាទអ្នកស្រាយបញ្ហា មិនត្រូវបន្ថែមកម្លាំងច្រើនលើសលប់ទៀតឡើយ

ឧត្តរមានជ័យ៖ កងទ័ពកម្ពុជា-ថៃ សម្រេចថាទៅថ្ងៃក្រោយបើមានករណីជាយថាហេតុណាមួយកើតឡើងនៅលើប្រាសាទតាមាន់ធំ ត្រូវទុកលទ្ធភាពឱ្យកងកម្លាំងដែលមានភារកិច្ចជាក់ស្ដែងជាអ្នកដោះស្រាយ មិនត្រូវឱ្យភាគីណាមួយបន្ថែមកម្លាំងច្រើនលើសលប់ចូលមកដោះស្រាយដូចករណីជម្លោះពាក្យសម្ដី កាលពីថ្ងៃទី១៥ ខែកក្កដានោះឡើយ។

ការសម្រេចនេះ នៅក្នុងកិច្ចពិភាក្សារវាងឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ជាមួយ វរសេនីយ៍ឯក ប៊ុន ស៊ីម មេបញ្ជាការរងកងកម្លាំងសុរ:ណារីថៃ នៅលើប្រាសាទតាមាន់ នៅម៉ោង៨ៈ៣០ នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា។ នេះបើតាមរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចពិភាក្សា ដែលអ្នកកាសែតទទួលបាន។

កិច្ចពិភាក្សាបានធ្វើឡើងរយៈពេល១ថ្ងៃបន្ទាប់ពី កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ មានករណីជម្លោះទាស់ទែងពាក្យសម្ដី និងកាយវិការមួយកើតឡើង ព្រោះតែអាកប្បករិយាមិនសមរម្យរបស់ទាហានថៃ មកលើភ្ញៀវទេសចរជនជាតិខ្មែរ រហូតភាគីកម្ពុជា-ថៃ បង្កើនចំនួនកងទ័ពជាច្រើនលើសលប់(ហួសការឯកភាពលើការឈរជើងជាក់ស្ដែង) ទៅកាន់ទីតាំងជម្លោះដើម្បីដោះស្រាយបញ្ហា។

នៅក្នុងជំនួបពិភាក្សានេះ ភាគីកម្ពុជា ថៃ ក៏បានសម្របសម្រួលចំពោះការប៉ះទង្គិចគ្នាដោយពាក្យសម្តីការពីថ្ងៃទី១៥ខែ កក្កដា និងរក្សាគោលការណ៍ដែលបានកំណត់កាលពីមុន ពោលគឺត្រូវបើកប្រាសាទនៅម៉ោង៩ៈ០០នាទីព្រឹកតទៅដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងឡើងទៅទស្សនាជាធម្មតា ហើយចាប់ពីម៉ោង៣ៈ០០នាទីរសៀលតទៅ ត្រូវបិទមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងសងខាងបន្តលេងកម្សាន្តឬចូលទៅទស្សនាទៀតឡើយ។

ភាគីទាំងពីរក៏កំណត់ឱ្យកម្លាំងឈរជើងប្រចាំការនៅលើប្រាសាទចំនួន៧ នាក់ស្មើៗគ្នាផងដែរ៕