Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ថា​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គ្មាន​ដំណោះស្រាយ គឺ​ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រទេស​ជាតិ

Oplus_131072

អ្នក​ឃ្លាំមើល​ថា​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គ្មាន​ដំណោះស្រាយ គឺ​ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រទេស​ជាតិ

អ្នក​សង្កេតការណ៍ លើកឡើង​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​វិវាទ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ជាមួយ​នឹង​ថៅកែ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ចេះ​តែ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ គឺជា​ការ​បំផ្លាញ​មុខមាត់​ប្រទេស​កម្ពុជា​ធ្ងន់ធ្ងរ ដែល​ទង្វើ​ទាំងនេះ​គ្មាន​ផល​ចំណេញ​អ្វី​បន្តិច​សោះ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ។

អ្នក​ប្រឹក្សា​យោបល់​ខាង​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា ដើម្បី​ថែរក្សា​កេរ្តិ៍ឈ្មោះ និង​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា ឱ្យ​ល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេស​មុខមាត់​រដ្ឋាភិបាល ក្រសួង​ការងារ​មាន​ភារកិច្ច​ចាំបាច់​បំផុត​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ស្តីអំពី​ការងារ ច្បាប់​ស្តីអំពី​សហជីព និង​ច្បាប់​ផ្សេង​ទៀត​ឱ្យ​សុក្រឹត ដោយ​គ្មាន​ការ​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិ​សហជីព ជាដើម។

លោក សេក សុជាតិ លើកឡើង​ថា ក្រសួង​ការងារ មាន​មុខនាទី​សំខាន់​ណាស់​ក្នុង​ការ​ធានា​ការពារ​នូវ​ច្បាប់​ស្តីអំពី​ការងារ និង​ច្បាប់​ស្តីអំពី​សហជីព​នៅ​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​រំលោភ​បំពាន​ពី​ភាគី​ណា​មួយ។ ផ្ទុយទៅវិញ ប្រសិនបើ​ក្រសួង​ការងារ បែរជា​បើក​ដៃ​ឱ្យ​ភាគី​ណា​មួយ​រំលោភ​បំពាន​លើ​ភាគី​មួយ​ផ្សេង​ទៀត នោះ​ប្រទេស​កម្ពុជា នឹង​រងគ្រោះ​ដោយ​ផ្ទាល់​ពី​ទង្វើ​នេះ។

អ្នក​ប្រឹក្សា​យោបល់​រូប​នេះ បញ្ជាក់​ថា បើ​ក្រសួង​ការងារ ការពារ​ក្រុមហ៊ុន​ឱ្យ​រំលោភ​បំពាន​លើ​សិទ្ធិ​កម្មករ នោះ​នឹង​នាំ​ឱ្យ​រដ្ឋាភិបាល​ជាប់​ឈ្មោះ​អាក្រក់ ព្រមទាំង​បំផ្លាញ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ថែមទៀត ខណៈ​ក្រុមហ៊ុន​បរទេស​ល្អៗ​ដែល​គោរព​ច្បាប់ នឹង​មិន​ហ៊ាន​ចូល​ទៅ​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​ឡើយ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​ប្រមូលផ្ដុំ​គ្នា​បន់ស្រន់​ព្រះអង្គ​ដងកើ នៅ​មុខ​ព្រះបរមរាជវាំង និង​លែង​សត្វ ដើម្បី​សុំ​ឱ្យ​ជនរងគ្រោះ​ទទួល​បាន​ដំណោះស្រាយ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន ណាហ្គា​វើលដ៍។

ក្រុម​កូដករ​ទាំងនេះ​អះអាង​ថា ពួកគេ​ទាំងអស់​គ្នា​បាន​រង​នូវ​ភាព​អយុត្តិធម៌​ពី​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដោយ​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ១៤០០​ថ្ងៃ​មក​ហើយ (១៤៣៣​ថ្ងៃ) ប៉ុន្តែ​កម្មករ​និយោជិត​រងគ្រោះ​ទាំងនេះ​នៅតែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ផ្អាក​ធ្វើ​កូដកម្ម​ទាមទារ​យុត្តិធម៌​ពី​ពួកគេ​នា​ពេលនេះ គឺ​ដោយសារ​មើល​ឃើញ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​មក​លើ​ប្រទេស​កម្ពុជា មិនមែន​មាន​ន័យ​ថា​ពួកគេ​បោះបង់​នូវ​សិទ្ធិ​ទាមទារ​យុត្តិធម៌​របស់​ខ្លួន​ឡើយ ហើយ​ការ​តវ៉ា​ទាមទារ​យុត្តិធម៌​នេះ ក៏​មិនមែន​ជា​ការ​ស៊ីឈ្នួល​ឱ្យ​អ្នក​ណា​ដែរ គឺ​ធ្វើ​ដើម្បី​តែ​សិទ្ធិ​ការងារ​ស្រប​ច្បាប់​របស់​កម្មករ​និយោជិត​តែប៉ុណ្ណោះ។

នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​បញ្ឈប់​កម្មករ​និយោជិត​ជាង ១ពាន់​នាក់ (១៣២៩​នាក់) ក្នុង​បំណង​រំលាយ​សហជីព​ក្នុង​ក្រុមហ៊ុន​នេះ ក្រោម​លេស​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ ព្រោះ​ថា​បុគ្គលិក​ទាំង​ជាង ១​ពាន់​នាក់​នេះ គឺ​សុទ្ធសឹងតែ​ជា​ថ្នាក់​ដឹកនាំ និង​ជា​សមាជិក​សហជីព​ដែល​តែងតែ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ជូន​កម្មករ​រងគ្រោះ​កន្លង​មក៕ ប្រភព៖

#TheCambodiaDaily #WithoutFearOrFavour #HunSen #HunManet #Cambodia #cambodiathai #border #thailand