Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ឯកភាពពង្រីកគោលដៅទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀតក្នុងខេត្តកែប

ខេត្តកែប៖ ការវិនិយោគសាធារណៈនេះ គឺជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីកំណើន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកែបទទួលបានផលប្រយោជន៍និងប្រាក់ចំណូលពីការអភិវឌ្ឍន៍នេះ។ ទន្ទឹមនឹងនេះក៏ដើម្បីទាក់ទាញឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តរាជធានីដទៃទៀតចូលមកកំសាន្តក្នុងខេត្តកែបបានកាន់តែច្រើនឡើង។

នេះបើតាមប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។  ការជួបជុំគ្នានាពេលនេះគឺដើម្បីរួមកម្លាំងគ្នាពូនជ្រុំការវិនិយោគសាធារណៈ លើខឿនសេដ្ឋកិច្ចក្នុងខេត្តកែបឱ្យបានប្រសើរឡើង។

កែបជាខេត្តដែលមានសក្តានុពលទេសចរណ៍ ជាគោលដៅលម្ហែកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានណែនាំនិងជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបត្រូវមានការឯកភាពរួមគ្នាសម្រាប់ខេត្តកែប ដើម្បីពង្រីកទីផ្សារទាក់ទាញទេសចរណ៍ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ ក្នុងនោះត្រូវរៀបចំឆ្នេរ ២៨០០ ដែលជាផលិតផលទេសចរណ៍ថ្មី១ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាឆ្នេរគំរូមួយសម្រាប់ខេត្តកែប។ ទន្ទឹមនេះ ត្រូវរៀបចំផ្លូវជិះកង់លម្ហែនៅតាមឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាពលរដ្ឋបានជិះកង់លម្ហែដើម្បីសុខភាពផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា៖« ដោយសារកែបជាទីក្រុងទេសចរណ៍ ដូច្នេះយើងត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍»៕ (ប្រភព៖ ក្រសួងដែនដីនគររូបនីយកម្ម និង សំណង់)