ស្ទឹងត្រែង៖ យុវជនស្ម័គ្រចិត្តភូមិចំនួន ២៥នាក់ បានក្លាយជាអ្នកស្ម័គ្រចិត្ត កាកបាទក្រហមភូមិប្រកបដោយសមត្ថភាព បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលគោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ហើយសង្ឃឹមថាស្ម័គ្រចិត្ត ទាំងអស់ និងបានរួមចំណែកជាមួយសាខាកាកបាទក្រហមក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍បានល្អ ស្របតាមបណ្តុំទស្សនៈទាន ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍។

ក្នុងវគ្គបណ្តុះបណ្តាលគោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ជូនដល់អ្នកស្ម័គ្រសាខា កាកបាទក្រហម នៅអនុវិទ្យាល័យ ឃុំស្រែគរ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២៤ លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ចាក់ថា៖ វគ្គនេះមានរយៈពេល២ថ្ងៃ យើងផ្ដោតលើមេរៀនសំខាន់ៗមួយចំនួន៦ចំណុច ទី១.ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ទី២.គោលការណ៍គ្រឹះទាំង៧ប្រការ ទី៣.ការប្រើប្រាស់បដិរូប ទី៤.គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម ទី៥.វិជ្ជាសង្គ្រោះបឋម និងទី៦.បញ្ជ្រាបពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ និងការងារសុខភាព ជាមួយគ្នានោះដែរ សូមអោយយុវជន និងអ្នកស្មគ្រ័ចិត្តភូមិ ចូលរួម និងផ្សព្វផ្សាយ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាការរួមចំណែកមួយដល់សំខាន់ក្នុងការជួយដល់ការងារបរិស្ថាន។
លោកបន្តថា តបតាមការជំរុញបន្ថែមពី លោក សរ សុពុត្រា អភិបាលខេត្ត សូមឱ្យអ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ចូលរូមលះបង់ពេលវេលាចបំរើសកម្មភាពការងារមនុស្សធម៌ ដោយស្ម័គ្រចិត្តដោយ មិនគិតពីការនឿយហត់ឡើយ។
លោកបន្ថែមថា នៅក្នុងរយៈពេល២ថ្ងៃ អ្នកស្ម័គ្រចិត្តទាំង២៥នាក់ បានយល់ដឹងជាមូលដ្ឋានពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងបានស្គាល់ពីកាកបាទក្រហមកម្ពុជា កាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហម ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ពិសេសបានស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនកាន់តែច្បាស់ ក្នុងការជូយបម្រើការងារមនុស្សធ៌ម។
សូមញ្ជាក់ថា៖ យុវជនទាំង២៥នាក់និងបានក្លាយខ្លួនជាយុវជន ស្ម័គ្រចិត្ត ប្រចាំនៅ ភូមិឃុំស្រែគរ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយមានលទ្ធភាពនិង សមត្ថភាពចូលរួមជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍បានល្អ។
ស្របតាមបណ្តុំទស្សនៈទាន ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍ នៅពេលសហគមន៍ជួបគ្រោះមហន្តរាយពីធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះហានីភ័យផ្សេងៗទៀតដែលកើតឡើងដោយប្រធានស័ក្តិណាមួយ៕
