Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប អះអាងថាបញ្ហាពេទ្យខុសច្បាប់នៅតែជាបញ្ហាមួយដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់

សៀមរាប៖ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី១៦ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បានបញ្ជាក់ថា បញ្ហាពេទ្យខុសច្បាប់ នៅតែជាបញ្ហាមួយដែលត្រូវដោះស្រាយ ហើយទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ដូចជា អាជ្ញាធរដែនដី ផ្នែកសមត្ថកិច្ច ផ្នែកសុខាភិបាល និងផ្នែកតុលាការ។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល មានប្រសាសន៍ថា ការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តនាពេលនេះ គឺក្នុងគោលបំណងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗជូនដល់ សមាជិកគណៈគ្រូពេទ្យក្នុងខេត្តសៀមរាប និងពិភាក្សាគ្នារកវិធីដោះស្រាយ បញ្ហាវិវាទផ្សេងៗ។ បច្ចុប្បន្ននេះ បញ្ហាពេទ្យខុសច្បាប់ ក៏នៅតែជាបញ្ហាមួយ ដែលត្រូវដោះស្រាយ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ដូចជា អាជ្ញាធរដែនដី ផ្នែកសមត្ថកិច្ច ផ្នែកសុខាភិបាល និងផ្នែកតុលាការ ដើម្បីមានវិធានការ លុបបំបាត់ ហើយករណីមួយចំនួនដែលក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានចាប់បញ្ជូនអ្នកមិនមែនពេទ្យ ហើយបន្លំធ្វើពេទ្យទៅតុលាការ ពេលដែលពួកគេ បានបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ ហើយករណីខ្លះទៀតបានណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ ការប្រកបរបរសុខាភិបាលខុសច្បាប់ផងដែរ។ ប៉ុន្តែមកដល់ពេលនេះសម្រាប់គ្រូពេទ្យដែលជាសមាជិកសមាជិការទាំងអស់របស់គណៈគ្រូពេទ្យខេត្តសៀមរាបឃើញថា មិនទាន់មានគ្រូពេទ្យណាម្នាក់ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់នៅឡើយទេ នៅក្នុងខេត្តសៀមរាប ដោយសារតែពួកគាត់ បានខិតខំគោរពច្បាប់ ធ្វើការទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល។

លោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់គ្រូពេទ្យទាំងអស់ឱ្យគោរពដែនវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកជំងឺ ហើយក៏បានជំរុញឱ្យគ្រូ ពេទ្យទាំងអស់ពិនិត្យមើលនៅសមត្ថភាពខ្លួនឯងក្នុងការព្យាបាលជំងឺធ្ងន់ៗ ត្រូវឆាប់បញ្ជូនអ្នកជំងឺទៅកាន់កន្លែង ដែលមានសុវត្ថិ ភាពជាង ដើម្បីបន្ថយអត្រាគ្រោះថ្នាក់។ ក្នុងករណីដែលនៅតាមបន្ទប់ពិគ្រោះ ឬគ្លីនិកណា មួយដែលព្យាបាលជំងឺស្លាប់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបានចុះទៅដល់ទីតាំងមិនថាយប់ ឬថ្ងៃ ជិតឬឆ្ងាយនោះទេ ដើម្បីពិនិត្យ ភាពស្របច្បាប់ គុណវុឌ្ឍិដើម្បីឱ្យដឹងថា អ្នកជំងឺស្លាប់ដោយសារភាពធ្ងន់ធ្ងរពេក ឬស្លាប់ដោយសារកំហុសបច្ចេកទេសរបស់គ្រូពេទ្យ ដើម្បីផ្លាស់ប្តូរទំលាប់ការយកពេទ្យធ្វើជាចំណាប់ខ្មាំងដូចពេលកន្លងមក។

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួត ពិនិត្យអំពីគុណវុឌ្ឍិ និងសម្បទាគ្រូពេទ្យ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដូចជាបញ្ហា រវាងគ្រូពេទ្យជាមួយអ្នកជំងឺ គ្រូពេទ្យ និងគ្រូពេទ្យជាដើម។ ដូច្នេះសូមគ្រូពេទ្យដែល មិនទាន់បានចុះឈ្មោះក្នុងបញ្ជីការគណៈវិជ្ជាជីវៈ និងគ្រូពេទ្យមិនបានមកបន្តសុពលភាព ហើយនៅបន្តប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដោយខុសច្បាប់ សូមមកចុះឈ្មោះនិងបន្តសុពលភាពឱ្យបានគ្រប់ៗគ្នានិងសូមឱ្យថ្នាក់នាំផ្នែកវិស័យឯកជនថ្នាក់ដឹកនាំ ស្ថាប័ន សាធារណៈទាំងអស់ផ្តល់ការផ្សព្វផ្សាយ និងជំរុញគ្រូពេទ្យមកចុះ បញ្ជីការគណៈគ្រូពេទ្យឱ្យ បានគ្រប់ៗគ្នា៕