ក្រសួងបរិស្ថាននិងUNDP បើកការពិគ្រោះរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ពីមូលនិធិ អាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិស្តីពីការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផលពីមូលនិធិ អាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា
លោក អ៊ុយ កាម៉ាល អគ្គនាយករងចំណេះដឹងនិងព័ត៌មានបរិស្ថាន និងជាអនុប្រធានលេខាធិការដ្ឋានកិច្ចការឥណទានកាបូន បានអញ្ជើញបើកការពិគ្រោះយោបល់ និងមានការចូលរួមពីលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ព្រៃឈើ សហគមន៍ជលផល សហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងអង្គការដៃគូ សរុប៦០នាក់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សិក្ខាសាលាពិគ្រោះយោបល់ជាមួយថ្នាក់ក្រោមជាតិលើកទី១នេះ ធ្វើឡើងក្នុងគោលបំណង៖
១)បង្ហាញ និងពិភាក្សាសំណើសកម្មភាព លទ្ធផល និងសិមទ្ធផលដែលបានលើកស្នើឡើងនៅក្នុងសំណើគម្រោង រួមទាំងទីតាំងគម្រោងដែលបានលើកស្នើឡើង
២)វាយតម្លៃលើដំណើរការជាក់ស្តែងក្នុងការអនុវត្តសកម្មភាព ផ្អែកលើបរិបទ និងបទពិសោធន៍ នៅមូលដ្ឋាន ជាក់ស្តែង រួមទាំងការផ្តល់អនុសាសន៍សមស្របពីអ្នកពាក់ព័ន្ធ
៣)កំណត់នូវបញ្ហាប្រឈម និងកង្វល់នានា រួមទាំង វិធីសាស្រ្តឆ្លើយតបនឹងតម្រូវការយែនឌ័រ និងការធានា សុវត្ថិភាពបរិស្ថាន-សង្គម ពីការអនុវត្តសសកម្មភាព ដើម្បីដាក់បញ្ចូលក្នុងការរៀបចំឯកសារគម្រោង
ពិនិត្យហានិភ័យបរិស្ថាន-សង្គម និងយែនឌ័រ ព្រមទាំងយន្តការដោះស្រាយការវិវាទ និងសំណើវិធានការ បន្ធូរបន្ថយរួមជាមួយនឹងតម្រូវការកសាងសមត្ថភាពស្ថាប័ន។

គួររម្លឹកឱ្យដឹងថា គោលបំណងនៃការពិគ្រោះយោបល់ គឺសំដៅធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ប្រកប ដោយប្រសិទ្ធភាពនៅក្នុងគ្រប់ដំណើរការរៀបចំសំណើគម្រោង (វិច្ឆិកា ២០២៥ – មីនា ២០២៦)។ កិច្ចពិគ្រោះយោបល់ទាំងនេះ គឺជាត្រីវិស័យសម្រាប់ក្រសួងបរិស្ថាន ក្នុងកិច្ចសហការជាមួយអង្គការ UNDP និងអ្នកជំនាញការ (រៀបចំសំណើគម្រោង ធានាសុវត្ថិភាពបរិស្ថាន-សង្គម យែនឌ័រ និងគណនាកាបូន) ធ្វើការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ។ ទាំងនេះរួមបញ្ចូលផងដែរនូវការរៀបចំយន្តការច្បាស់លាស់ សំដៅធានាឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលបាននូវព័ត៍មាន លើកបញ្ហាប្រឈមនានា ផ្តល់មតិចូលរួម និងធាតុចូល ដើម្បីកែលម្អដល់ការរៀបចំ សកម្មភាពគម្រោងអោយកាន់ប្រសើរឡើង៕
