សៀមរាប៖ លោក សេង មង្គល នាយកក្រុមហ៊ុនអឹមខេស្ត្រា ដែលជាអ្នកទទួលសិទ្ធិក្នុងជីកស្តារអាងរក្សាទឹកទំនប់៧៨ ក្នុងភូមិសាស្រ្តសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានបញ្ជាក់ថា រូបគាត់ជីកស្តារគឺក្រោមច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប តាមរយៈស.ជ.ណ លេខ១៥០/២៣ចុះថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣។
លោកសេង មង្គល បានលើកឡើងបែបនេះ តាមលិខិតបំភ្លឺចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤ ។
លោក មង្គល លើកឡើងថា ស.ជ.ណ.បានអនុញ្ញាតអោយស្តារអាងទឹកជំហាន១ទំហំ១០ហិកតា ក្រុមហ៊ុនសហការជាមួយអាជ្ញាធរសង្កាត់ស្រង៉ែ ចាប់ផ្តើមនៅចុងឆ្នាំ២០២៣។ ប៉ុន្តែដោយភាពចាំបាច់តម្រូវអោយប្តូរទីតាំងទើបរូបលោកស្នើសុំបើកផ្លូវដើម្បីត្រៀមធ្វើការអោយបានមុនរដូវភ្លៀង។ ក្នុងការបើកផ្លូវនេះគឺមិនទាន់មានការដឹកអាចម៍ដីលក់រាប់ពាន់ឡាននោះឡើយពីព្រោះត្រូវរងចាំទទួលអាជ្ញាបណ្ណ័ថ្មីពីមន្ទីររ៉ែនិងថាមពលរួចរាល់សិន។
លោកមង្គល បញ្ជាក់ថា ចំពោះអាចម៍ដីដែលដឹកចេញពីរណ្តៅមិនមែនធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការយកទៅប្រើក្នុងការលើកកម្ពស់គុណភាពផ្លូវ ចាក់បំពេញទីធ្លាសាលារៀន និងជួសជុលទ្វារទឹក ទៅតាមសំណូមពររបស់អាជ្ញាធរសង្កាត់ស្រង៉ែ និងមួយចំនួន សម្រាប់ផ្គត់ផ្គង់ប្រេង និងកម្លាំងពលកម្មប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត អាងទឹកដែលត្រូវជីកស្តារ គឺស្ថិតនៅលើទំនប់៧៨ មិនស្ថិតក្នុងដែនអភិរក្សតំបន់៣នោះឡើយ។
