ខេត្តសៀមរាប: ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor នៅព្រឹកថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២៦ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ និងធ្វើការពិនិត្យ ព្យាបាល ជម្ងឺដល់ប្រជាពលរដ្ឋឥតគិតថ្លៃ នៅឃុំចាន់សរ ស្រុក
សូទ្រនិគម ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកវត្តមានឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជា ក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក ឃុំ និង ក្រុមគ្រូពេទ្យស្ម័ត្រចិត្តចូលរួមផងដែរ។
ក្នុងកិច្ចស្វាគមន៍របស់លោក គឹម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានធ្វើការថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB រួមអង្គការក្លឹប Rotary Angkor ដែលបានចុះធ្វើការព្យាបាល ជម្ងឺប្រជាពលរដ្ឋនៅក្នុងឃុំចាន់សរ ក៏ដូចប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ហើយនេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យ ស្ម័ត្រចិត្តមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និង ផ្តល់គ្រឿង ឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រទៀតផង ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឆៃ វៃទើ នៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និង លោកស្រី គ្រីសស្តរ ស៊ូវ៉ាន់ទី ជា ឱសថការីនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ បានបញ្ជាក់ថា ក្រុមប្រតិភូគ្រូពេទ្យស្ម័ត្រចិត្ត ចុះមកធ្វើការពារជម្ងឺជូនបងប្អូនប្រជា ពលរដ្ឋនាពេលនេះ មានចំនួន ១៥រូប ដោយមានគ្រូពេទ្យពិនិត្យជម្ងឺទូទៅ ,គ្រូពេទ្យព្យាបាលមាត់ធ្មេញ , បេះដូង , សន្លាក់ និង ជម្ងឺកុមារ ។
ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួមក្នុងការដោះស្រាយនូវទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងការផ្តល់នូវស្បៀងអាហារ និង ការយកចិត្តទុកដាក់ពីសុខភាព របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ស្របតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល និង ពង្រឹងខឿនសុខភាពប្រជារដ្ឋ រក្សាបាននូវសុខសន្តិភាព និង ការអភិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យ ។ រាជរដ្ឋាភិបាល ក៏បានផ្តោតយកចិត្តទុកដាក់លើ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការធ្វើទំនើបកម្ម និង ការពង្រឹងប្រព័ន្ធសុខាភិបាល ដែលជាចំណុចគន្លឹះសំខាន់ក្នុងការកសាងអភិវឌ្ឍន៍មូលធនមនុស្ស ដែលជាគឺជាគន្លឹះអាទិភាពសំខាន់ទី១ ក្នុងចំណោមគន្លឹះអាទិភាពចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យា ។
ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជម្ងឺផ្សេងៗយាយីមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាពិសេសនៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និងបំបាត់នូវទីជម្រកសត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជម្ងឺរាគរុស និង គ្រុនចាញ់ គ្រុនឈាមជាដើម ។ បើមានសង្ស័យថា សមាជិកគ្រួសារកើតជម្ងឺណាមួយ សូមរួសរាន់យកទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅកៀកជិតនឹងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យតៃវ៉ាន់ ក្នុងទឹកចិត្តមនុស្សធម៌ ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា នៅឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រមទាំងផ្តល់ស្បៀងដល់គ្រួសារក្រីក្រផងដែរ។ អំណោយ ដែលផ្តល់ជូនដល់គ្រួសារក្រីក្រទាំង១០០គ្រួសារ ទទួលបាន អង្ករ, ភួយ ,សម្លៀកបំពាក់ , គ្រឿងទេស និងថវិកាមួយចំនួនទៀត ព្រមទាំងបានធ្វើការពិនិត្យ ព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ បានប្រមាណជា ៣០០នាក់ផងដែរ៕
