Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

មេធាវីអះអាងថា ការឃុំខ្លួនឈ្មោះ ស្វាង សៅគា ភេទស្រី គឺជារឿងអយុត្តិធម៌ខ្លាំងណាស់!

បន្ទាយមានជ័យ៖ តុលាការខេត្តបន្ទាយមានជ័យ បានបដិសេធមិនឱ្យឈ្មោះ ស្វាង សៅគា ភេទស្រីនៅក្រៅឃុំ!។
ខណៈឈ្មោះ យុន ម៉ឹង ភេទប្រុសអាយុ៤២ឆ្នាំ ជាម្ចាស់រថយន្តដឹកពលករ.ទៅថៃ បែរជាតុលាការដោះលែងឱ្យនៅក្រៅឃុំទៅវិញ..!។

ពោលគឺ ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ ក្នុងបទល្មើសតែ១(ចាប់ខ្លួនជាមួយគ្នា)ពីបទ”ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន” ដែលបានប្រព្រឹត្តនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។

*ទាក់ទិនរឿងនេះលោក ម៉ក់ ប៊ុនធឹង ជាមេធាវីការពារក្ដីឱ្យឈ្មោះ ស្វាង សៅគា បានអះអាងប្រាប់”ដើមរាំង”ថា សំណុំរឿងមួយនេះ គឺពិតជាមានភាពអយុត្តិធម៌សម្រាប់កូនក្ដីរបស់ខ្លួនណាស់.!។
លោកមេធាវី បានលើកឡើងយ៉ាងដូច្នេះថា”នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ខ្ញុំបានដាក់ពាក្យការពារនិងសុំថតសំណុំរឿងតាមនីតិវិធីរួចហើយ។ ដោយឡែក ខ្ញុំបាទក៏បានដាក់ពាក្យសុំអោយកូនក្តី នៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ ហើយសាលាដំបូងខេត្តបន្ទាយមានជ័យ បានជំនុំជម្រះមុខអង្គសេចក្តី លើពាក្យស្នើសុំរបស់ខ្ញុំបាទ ដោយចេញសាលក្រមព្រហ្មទណ្ឌលេខ ០៤ មអ“ដ”/២០ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្រេចមិនអនុញ្ញាតអោយកូនក្តីរបស់ខ្ញុំឈ្មោះ ស្វាង សៅគា នៅក្រៅឃុំនោះទេ។

លោកមេធាវី បន្តថា ខ្លួនក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍បន្ត ដើម្បីឲ្យសាលាឧទ្ធរណ៍ផ្តល់ភាពយុត្តិធម៌ដល់កូនក្តីរបស់ខ្ញុំ។
ដោយឃើញថា ក្នុងរឿងនេះពិតជាមានភាពអយុត្តិធម៌ពិតមែនសំរាប់កូនក្តីរបស់ខ្ញុំ ហើយក្នុងរឿងនេះផងដែរ សាលាដំបូងខេត្តបន្ទាយមានជ័យ នឹងធ្វើការជំនុំជម្រះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៩ព្រឹក”។

*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី០៩.០៧.២០២៦”ដើមរាំង”បានព្យាយាមសុំការបំភ្លឺពីលោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយទូរស័ព្ទចូលជាច្រើនដង.គ្មានអ្នកទទួល!។

*ប៉ុន្តែលោក សំរិទ្ធ សុខុន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់”ដើមរាំង”ថា ការឃុំខ្លួននិងការដោះលែងនោះ ជាឆន្ទានុសិទ្ធិរបស់ចៅក្រម ខណៈលោកពុំបានដឹងនោះទេ.!។

*ទោះជាយ៉ាងណាក៏ដោយ.ប្រជាពលរដ្ឋ.អាជ្ញាធរមូលដ្ឋាន.ក្រុមគ្រួសារជនត្រូវចោទ សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តា ជួយអន្តរាគមន៍ ដោះលែងឈ្មោះ ស្វាង សៅគា វិញដោយក្ដីអនុគ្រោះ!។

ដោយផ្អែកថា ឈ្មោះ ស្វាង សៅគា ពុំមែនជាមេខ្យល់ និងមានជីវភាពខ្សត់ខ្សោយខ្វះខាត.!!។
ជាក់ស្តែង ពលករទាំង១០នាក់ដែលធ្វើដំណើរជាមួយ គឺសុទ្ធតែអះអាងថា ឈ្មោះ ស្វាង សៅគា ពុំបានបញ្ចុះបញ្ចូលពួកគាត់ឱ្យទៅធ្វើការនៅប្រទេសថៃ និងពុំមែនជាមេខ្យល់..!!។
មិនតែប៉ុណ្ណោះ សូម្បីលោក កៅ ម៉ែត មេភូមិយាងឧត្តម.លោក ទន់ ថុល មេឃុំណាំតៅ.លោក ទេព ឡាប មេភូមិថ្មីជើង ឃុំណាំតៅ ក៏សុទ្ធតែបញ្ជាក់ថា ឈ្មោះ ស្វាង សៅគា មិនមែនជាមេខ្យល់នាំមនុស្សទៅថៃ៕ ប្រ់ភព៖ ដើមរាំង