សៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជនក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និង ជាតំណាងដ៏
ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអន្តរក្រសួងនិង លោក លី សារី អភិបាលរងខេត្ត សៀមរាប ។ អង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និង ពង្រីកវិសាលភាពនៃការយល់ដឹង ជូនមន្ទីរ សមត្ថកិច្ចពាក់ ព័ន្ធ ប្រតិបត្តិករអាជីវកម្មពាក់ព័ន្ធ និង សាធារណជនអំពីការធានារ៉ាប់រង ជាកាតព្វកិច្ចសម្រាប់ការដ្ឋានសាងសង់ អាជីវកម្មដឹកជញ្ជូន និង អាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងខេត្តសៀមរាប ។
លោក លី សារី បានលើកឡើងថា ក្រោមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយភាពរឹងមាំ ទោះបីជាជួបប្រទះស្ថានភាពតានតឹង ដែលបណ្តាលមកពីជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បាននិងកំពុងបន្តដោះស្រាយ។ ជាឆន្ទៈ ខេត្តសៀមរាបក៏ដូចបណ្ដាខេត្តនានាបាននិងកំពុងរួមចំណែកក្នុងការងារកែទម្រង់ឥតឈប់ឈរ និងការពង្រឹងអភិបាលកិច្ចដោយស្របតាម “យុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សក្តានុពលខេត្តសៀមរាប ពឹងផ្អែកលើវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យទេសចរណ៍ វិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្ម ហើយវិស័យទេសចរណ៍កម្ពុជា គឺ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” បាននិងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង ១២% នៃផលិតផលក្នុងស្រុកសរុប ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានផលិតផលសម្បូរបែបជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ។ ឯកឧត្តមបានលើកឡើងថា ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់៦% ក្នុងឆ្នាំ២០២៤ ។ ស្របតាម ( យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១)និង (យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០) របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាវិស័យ ធានារ៉ាប់រង នៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជា សំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបាន ធានាជូនបណ្តាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។ ជាក់ស្តែង យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឲ្យប្រើប្រាស់ តាំងពីឆ្នាំ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន ទី១-ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ,ទី២-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ, ទី៣-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានបន្ថែមថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យក ការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជម្រុញ ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងសា្ថប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង? និង តើមានការធានារ៉ាប់រងអ្វីខ្លះ? ដែល ត្រូវបានកំណត់ជាកាតព្វកិច្ច ក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដែលកំណត់ដោយច្បាប់ ៕

