ខេត្តក្រចេះ៖ រថយន្តដឹកសត្វព្រៃមួយ គ្រឿង និង អ្នកបើកបរម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នៅចំណុចរង្វង់មូលព្រាបស ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ក្រោយមានការដឹកជញ្ជូនសត្វព្រៃខុសច្បាប់ ចេញពីស្រុកសំបូរ ខេត្តក្រចេះ ក្នុងគោលដៅនាំយកទៅចែកចាយនៅរាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តដែលធ្វើសកម្មភាពដឹកជញ្ជូនសត្វព្រៃខាងលើ ម៉ាក លុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ-2AH 6553 បានដឹកជញ្ជូនសត្វព្រៃខុសច្បាប់ បើកបរដោយបុរសម្នាក់ ចេញពីស្រុកសំបូរ ដើម្បីនាំយកទៅលក់បន្តនៅភ្នំពេញ។ ហើយនៅក្នុងសកម្មភាពល្មើសច្បាប់នោះ ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានចុះស្ទាក់ចាប់ និងបង្ក្រាបបទល្មើសដឹកជញ្ជូនសត្វព្រៃខាងលើនោះ ភ្លាមៗផងដែរ។
ក្រោយការបង្ក្រាប និងឃាត់ខ្លួនអ្នកបើកបរម្នាក់ រួមទាំងរថយន្តដឹកសត្វព្រៃ ១គ្រឿង ត្រូវ បានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តក្រចេះទាំងយប់។ វត្ថុតាងបទល្មើស និងអ្នកបើកបរម្នាក់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
