សៀមរាប: អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត សៀមរាប ដែលបានដំណើរការទៅរយៈពេល២ថ្ងៃ នៅសាលសន្នីសិទ្ធ សុខា សៀមរាប ត្រូវបានប្រារព្ធបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ដសៀមរាប នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦នេះ ។
មានប្រសាសន៍ស្វាគមន៍នោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកឡើងដោយសង្ខេបអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន និងដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ជាមួយនិងការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានខិតខំដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចាប់យកនូវកាលានុវត្តភាពទាំងឡាយដែលផុសឡើង ក្នុងបរិការណ៍នៃការផ្លាស់ប្ដូរយ៉ាងរហ័ស នៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងពិភពលោក រួមទាំងស្ថានការណ៍ដែលប្រទេសជាតិរងការឈ្លានពានរបស់យោធាថៃ និង ការគ្រប់គ្រង ផ្តល់ស្បៀងអាហារ និង ផ្គត់ផ្គង់ដល់វីរៈកងទ័ពជួរមុខ និង ជនភៀសសឹកដែលស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ។ទន្ទឹមនោះរាជរដ្ឋាភិបាលបានគិតគូច្បាស់លាស់ពីសន្តិសុខជាតិ និងស្ថានភាពជារួមក្នុងប្រទេសជាតិយើង ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ នៅលើឆាកអន្តរជាតិផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍ថ្លែងដោយសេចក្តីសោមនស្សរីករាយ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ដែលបានដំណើរការទៅដោយរលូនស្របទៅតាមរបៀបវារៈ នៃកម្មវិធីដែលបានគ្រោងទុក រយៈពេល ១ថ្ងៃកន្លះ ដោយមានសមាសភាពចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង នូវកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៦នេះ គឺ-ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ។ -ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាននូវរាល់សកម្មភាពឬទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងក្បត់ជាតិខុសច្បាប់មួយចំនួន។ -ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឲ្យមានអំពើហិង្សា ការប្រឆាំង នឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ ។ -ពង្រឹងយន្តការនានាក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។ -ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក នៅក្នុងការគ្រប់គ្រង ដឹកនាំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងវាយតម្លៃសភាពការណ៍។ -ត្រូវបន្តជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំងនិងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មេីស (ហ្គែមអនឡាញ) គ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្មព្រមៗគ្នានៅ តាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាពលរដ្ឋឲ្យចូលរួមកសាង “ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន”ដែលចិត្តទុកដាក់ខ្ពល់លេីបញ្ហាទាំងអស់នេះ។-ត្រូវ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ លេីការពង្រឹងកាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តឲ្យមានប្រសិទ្ធភាព ជាពិសេសការផ្សព្វផ្សាយអប់រំ និងការណែនាំផ្ទាល់នៅហ្នឹងកន្លែងឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា ។ ម៉្យាងទៀតរដ្ឋបាលខេត្ត ក្រុង ស្រុក គ្រប់គ្រងឲ្យបាន នូវទ្រព្យសម្បត្តិរដ្ឋឲ្យបានច្បាស់លាស់ និង ត្រូវពង្រឹងរបៀបរបបការងារ និង ក្រមសីលធម៌ ការគោរពវិន័យផ្ទៃក្នុង របស់មន្ត្រី ព្រមទាំងជម្រុញការរៀបចំធ្វើ កុងទីន និង កន្លែងទារកដ្ឋាន ក្នុងការជួយសម្រួលដល់មន្ត្រីរាជ ការដែលមកបម្រើការ មានកូនតូចទៀតផង ។
ដើមី្បលើកទឹកចិត្តដល់មន្ត្រីរាជការ ដែលមានស្នាដៃបំពេញការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការបំពាក់ គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការ ចំនួន ១៦៤រូប រួមមានគ្រឿងឥស្សរិយយស មេដាយជាតូបការ ៣រូប , មេដាយថ្នាក់ មហាសេរីវឌ្ឍន៍ ៩រូប , មេដាយ ថ្នាក់ មហាសេនា ១៤រូប ,ថ្នាក់ ធិបឌិន ២រូប , ថ្នាក់ សេនា ២០រូប និង ថ្នាក់អស្សឬទ្ធិ ១១៣រូប ៕
