Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អាជ្ញាធរខេត្តបន្ទាយមានជ័យនាំយកសម្លៀកបំពាក់ ផ្តល់ជូនដល់កុមារភៀសសឹក ដែលកំពុងសិក្សាក្នុងជំរុំវត្តចានស៉ី

បន្ទាយមានជ័យ៖ សម្លៀកបំពាក់សិស្ស ប្អូនៗកុមារភៀសសឹក ប្រមាណជាង២០០នាក់ ដែលកំពុងរៀនតាមថ្នាក់រៀនបណ្តោះអាសន្ននៅទីតាំជំរុំជនភៀសសឹកវត្តចាន់ស៉ី ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី ផ្តល់ជូននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃបង្ហាត់បង្រៀនដល់កុមារភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារតែយោធាថៃបានដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់គេអស់ កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកាលពីចុងឆ្នាំ២០២៥កន្លងទៅ។

ជាមួយគ្នានោះលោក ក៏បានជំរុញណែនាំបន្ថែមទៅដល់អាណាព្យាបាល ដែលកំពុងស្នាក់នៅជំរំជនភៀសសឹក ពិសេសបងប្អូនជនភៀសសឹកនៅភូមិជោគជ័យ និងភូមិព្រៃចាន់ សូមជំរុញឱ្យកូនកូន មកចូលរៀនឱ្យបានគ្រប់គ្រប់គ្នា ដោយមានការរៀបចំថ្នាក់រៀនបណ្តោះអាសន្ន សម្រាប់កូនចូលរៀន កំឡុងពេលដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានបានដេីម្បីឲ្យពួកគេបានសិក្សារៀនក្រេបយកចំណេះដឹងនៅក្នុងជំរុំប្រកបដោយភាពកក់ក្តៅផងដែរ៕