កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យសិក្ខាកាមដែលកំពុងទទួលការសិក្សាក្នុងកម្មវិធី បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅរោងជាងជួសជុលម៉ូតូ និងរថយន្ត នៃវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ចាម
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ឡា ប្រធាន សាលាដំបូងខេត្ត និង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់សិក្ខាកាម ដែលកំពុងរៀនជំនាញបច្ចេកទេស ពិសេសសិក្ខាកាមដែលកំពុងអនុវត្តន៍ដោយផ្ទាល់លើជំនាញ ជួសជុលម៉ូតូ និងរថយន្តនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ឱ្យយកចិត្ត ទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានដល់ចប់ ដើម្បីយកចំណេះជំនាញដែលខ្លួនបានរៀន ទៅ ប្រកបមុខរបរខ្លួនឯង ឬធ្វើឱ្យក្រុមហ៊ុនផ្សេងៗ ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការរក ប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលខេត្តកំពង់ចាម តែងតែធ្វើការផ្សព្វផ្សាយពីឱកាសការងារទៅតាម មូលដ្ឋានជាប្រចាំជូនដល់ពលករមកពីប្រទេសថៃដែលកំពុងស្នាក់នៅតាមខ្នងផ្ទះ ដោយបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីផ្តល់ឱកាសការងារជូនដល់ ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យពួកគាត់ទទួល បានការងារធ្វើភ្លាមៗ ខណៈខេត្តកំពង់ចាមតម្រូវការកម្លាំងពលកម្ម ប្រមាណជាង១ម៉ឺនកន្លែងបន្ថែម ទៀត៕
