Connect with us

Hi, what are you looking for?

សង្គ្រាម រុស្ស៊ី អ៊ុយក្រែន

Fox News អ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព19 ចំណុច ដែលនឹងនាំទៅដល់ការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នឹង​ត្រឡប់​ទៅ​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​សេតវិមាន​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន រួម​នឹង​មន្ត្រី​ការទូត​អឺរ៉ុប ជួប​គ្នា​នៅ​ប្រទេស​ស្វីស កាលពី​ថ្ងៃ​អាទិត្យ ទី​២៣ វិច្ឆិកា។

ជំនួប​នេះ សិក្សា​អំពី​ផែនការ​សន្តិភាព ២៨​ចំណុច ដែល​រៀបរៀង​ដោយ​ក្រុម​ប្រេសិត​លោក ត្រាំ ហើយ​ក្នុង​នោះ យ៉ាងតិច ៥​ចំណុច​ធ្វើ​ឱ្យ​អ៊ុយក្រែន និង​អឺរ៉ុប ប្រតិកម្ម​យ៉ាង​ខ្លាំង។ មេដឹកនាំ​អឺរ៉ុប ប្រកាស​ទាត់ចោល​ផែនការ​សន្តិភាព​ដ៏​ចម្រូងចម្រាស​នេះ។

 

ចំពោះ ៥​ចំណុច​ដែល​អឺរ៉ុប ប្រកាស​ទាត់ចោល​ស្រប​ពេល​ដែល​អ៊ុយក្រែន បង្ហាញ​ជំហរ​មិន​ទទួល​យក​បាន​នោះ រួម​មាន៖

> ចំណុច​ទី​៧ បង្ខំ​ឱ្យ​អ៊ុយក្រែន ត្រូវតែ​បង្កើត​មាត្រា​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដោយ​ចែង​ថា អ៊ុយក្រែន​មិន​ត្រូវ​ស្វែងរក​ការ​សុំ​ចូល​ជា​សមាជិក​ណាតូ (NATO) ឡើយ។ ចំណែក NATO ត្រូវ​បង្កើត​មាត្រា​មួយ​ក្នុង​ឯកសារ​សន្ធិសញ្ញា​របស់​ខ្លួន​ដែល​ចែង​ថា មិន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ក្លាយ​ជា​សមាជិក​របស់​ខ្លួន​ដាច់ខាត។

> ចំណុច​ទី​៨ NATO អត់​មាន​កងទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​អ៊ុយក្រែន ឡើយ។

> ចំណុច​ទី​១៤ រុស្ស៊ី​ទូទាត់​ជួយ​ស្ថាបនា​ប្រទេស​អ៊ុយក្រែន ឡើងវិញ ក្នុង​ទំហំ​សាច់ប្រាក់ ១០០​ពាន់​លាន​ដុល្លារ​ដក​ចេញពី​ក្នុង​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស ដែល​ប្រទេស​លោក​សេរី​បិទ​ខ្ទប់​ជាង ៣០០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

> ចំណុច​ទី​១៩ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​តំបន់ Zaporizhzhia ត្រូវ​ដាក់​ចូល​ភាគហ៊ុន​ស្មើគ្នា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។

> ចំណុច​ទី​២១ ដែល​អ៊ុយក្រែន និង​អឺរ៉ុប ជំទាស់​យ៉ាង​ខ្លាំង បាន​បញ្ជាក់​ថា៖ តំបន់ Crimea, Luhansk និង Donetsk អ៊ុយក្រែន​ត្រូវ​ទទួលស្គាល់​ថា​ជា​ទឹកដី​រុស្ស៊ី តាម​ស្ថានភាព​ជាក់ស្ដែង​ដោយ​មាន​ការ​ទទួលស្គាល់​ពី​សហរដ្ឋ​អាមេរិក។

នៅ​មុន​ការ​វាយប្រហារ​ខ្លាំងៗ​ពី​មេដឹកនាំ​អឺរ៉ុប និង​មេដឹកនាំ​ប្រទេស​សម្ពន្ធ​អ៊ុយក្រែន រួម​នឹង​សមាជិក​សភា​អាមេរិក លោក ត្រាំ ខ្លួន​លោក​ផ្ទាល់​បាន​ឯកភាព​លើ ២៨​ចំណុច​នោះ ទោះជា​មាន​ការ​បង្ខំ​ឱ្យ​អ៊ុយក្រែន កាត់​ទឹកដី​ឱ្យ​រុស្ស៊ី និង​បោះបង់​មហិច្ឆតា​ចូល​ណាតូ​ក៏ដោយ។ មិន​តែប៉ុណ្ណោះ លោក ត្រាំ ព្រមាន​អ៊ុយក្រែន ថា នៅ​ថ្ងៃទី​២៧ វិច្ឆិកា អ៊ុយក្រែន​ត្រូវតែ​ឯកភាព បើ​ពុំ​នោះ​ទេ អ៊ុយក្រែន​ត្រូវ​បន្ត​សង្គ្រាម​ដោយ​គ្មាន​សម្ពន្ធភាព​ជួយ​ទៀត​ឡើយ។

ក្រោយ​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​សមាជិក​សភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក និង​ពី​មេដឹកនាំ​អឺរ៉ុប លោក ត្រាំ បាន​ក្រឡាស់​សម្ដី​លោក​វិញ​ថា ផែនការ​សន្តិភាព ២៨​ចំណុច​នេះ មិនមែន​ជា​ដំណាក់កាល​ចុងក្រោយ​សម្រាប់​អ៊ុយក្រែន នោះ​ទេ។ លោក ត្រាំ ថា​អ៊ុយក្រែន មាន​សិទ្ធិ​កែប្រែ​រុះរើ បើ​ចំណុច​ណា​មិន​យល់ស្រប។ ក្រោយពី​ដូរ​ជំហរ​ដូចនេះ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ វិច្ឆិកា លោក ត្រាំ បាន​បញ្ជូន​គណៈប្រតិភូ​សេតវិមាន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ភាគី​អ៊ុយក្រែន និង​អឺរ៉ុប ជុំវិញ​ផែនការ​សន្តិភាព​ដ៏​ចម្រូងចម្រាស​នេះ។

ជំនួប​នៅ​ទីក្រុង​ហ្សឺណែវ មាន​វត្តមាន​របស់​គណៈប្រតិភូ​អ៊ុយក្រែន ដឹកនាំ​ដោយ​នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី លោក Andriï Lermak ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក លោក Marco Rubio លោក Steve Witkoff ប្រេសិត​ពិសេស​របស់​លោក ត្រាំ និង​លោក Daniel Driscol លេខាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក។ ចំណែក​ភាគី​អឺរ៉ុប មាន​វត្តមាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ពី​ប្រទេស​បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី។

ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក Marco Rubio បាន​សង្កត់​ធ្ងន់​ថា ការ​ចរចា​លើ​ផែនការ​សន្តិភាព ២៨​ចំណុច​មាន​ការ​រុះរើ​ខ្លះ និង​ប្រកប​ដោយ​ការ​យោគយល់​គ្នា។

លោក Marco Rubio បាន​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីនតោន សង្ឃឹម​ថា​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ពេល​សម្រេច​បាន នឹង​គោរព​យ៉ាង​ពេញលេញ​ចំពោះ​អធិបតេយ្យ​របស់​អ៊ុយក្រែន។

ក្រោយ​ជំនួប គេ​សង្កេត​ឃើញ​មាន​សេចក្តី​ថ្លែងការណ៍​រួម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ុយក្រែន។ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ ក្រុង​វ៉ាស៊ីនតោន លើកឡើង​ថា ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​គ្នា​នោះ ភាគី​ទាំងអស់​បាន​ឯកភាព​គ្នា​អំពី​គម្រោង​ផែនការ​សន្តិភាព​មួយ ដែល​ត្រូវ​បាន​កែសម្រួល​បន្ថែម​ឱ្យ​កាន់តែ​ល្អ។

បើ​តាម​ខ្លឹមសារ​សេចក្តី​ថ្លែងការណ៍​នេះ ជំនួប​ត្រីភាគី​សហរដ្ឋ​អាមេរិក អ៊ុយក្រែន និង​អឺរ៉ុប ដែល​គ្មាន​ភាគី​រុស្ស៊ី ទទួល​បាន​វឌ្ឍនភាព​ជា​វិជ្ជមាន ឆ្ពោះ​ទៅ​រក​ការ​តម្រឹម​គោលជំហរ​ឱ្យ​រួម​គ្នា។ មិន​តែប៉ុណ្ណោះ សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន បាន​យល់ស្រប​ដូច​គ្នា​ថា កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ​ដែល​សម្រេច​បាន​នា​ពេល​អនាគត នឹង​គោរព​យ៉ាង​ពេញលេញ​ចំពោះ​អធិបតេយ្យ​អ៊ុយក្រែន ហើយ​នាំមក​នូវ​សន្តិភាព​ដែល​មាន​យុត្តិធម៌ និង​ឋិតថេរ​យូរអង្វែង។

មាន​ការ​កត់សម្គាល់​ថា ការ​ដោះដូរ​ជំហរ​របស់​លោក ដូណាល់ ត្រាំ ក៏​ជួន​ពេល​លោក​ប្រធានាធិបតី​អ៊ុយក្រែន បង្គាប់​ទៅ​អ្នក​ការទូត​របស់​លោក​ប្រចាំ​អង្គការ​សហប្រជាជាតិ ឱ្យ​ចូល​ខ្លួន​ទៅ​ប្រកាស​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ការ​កាត់​ទឹកដី​អ៊ុយក្រែន ទៅ​ឱ្យ​អ្នក​ឈ្លានពាន គឺជា​ការ​ជាន់​បន្ទាត់​ក្រហម​របស់​អ៊ុយក្រែន នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

អ្នកស្រី Khrystyna Hayovyshyn អនុប្រធាន​បេសកកម្ម​អចិន្ត្រៃយ៍​អ៊ុយក្រែន ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ថា អ៊ុយក្រែន​បាន​ត្រៀម​ចរចា​គ្រប់​ពេល​ទាំងអស់ តែ​សុំ​តែ​មួយ​ប៉ុណ្ណោះ គឺ​កុំ​បង្ខំ​ឱ្យ​អ៊ុយក្រែន កាត់​ទឹកដី​ថែមទៀត​ទៅ​អ្នក​ឈ្លានពាន ជា​ថ្នូរ​នឹង​សន្តិភាព​ដែល​អ៊ុយក្រែន មិន​អាច​ទទួល​យក​បាន​ដាច់ខាត។

តាម​តំណាង​បេសកជន​ការទូត​អ៊ុយក្រែន រូប​នេះ អ៊ុយក្រែន​បាន​គូស​បន្ទាត់​ក្រហម​រួច​ហើយ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រឆាំង​ការ​បង្ខំ​ការ​គាបសង្កត់​អ៊ុយក្រែន ឱ្យ​កាត់​ទឹកដី​អ៊ុយក្រែន បំពេញ​មហិច្ឆតា​អ្នក​ឈ្លានពាន។