សៀមរាប៖ ក្រុមការងារចម្រុះខេត្តសៀមរាប នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្ត ដោយមានសហការជាមួយនិងមន្ត្រីជំនាញមូលដ្ឋាន មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលបន្ទុក។
លោក លី សារី បានឱ្យដឹងថា ការចុះរឹតបន្តឹងនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យសារធាតុញៀនលើអ្នកបើកបរ ការបំពាក់ចំណាំងផ្លាតខុសបច្ចេកទេស និងចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា៖ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ឯកសារជំនួយស្មារតីអ្នកបើកបរ និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនោះលោកបានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរ ដោយត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ដើម្បីការពារជីវិតអ្នក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ដែលបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកដទៃ អោយស្របទៅតាមទិសស្លោក “ចូលរួមគោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង គ្រួសារ និងអ្នកដទៃ”។ ម្យ៉ាងទៀតមិនត្រូវបើកបរលើសល្បឿនកំណត់ ព្រោះអាចបាត់បង់ស្មារតីក្នុងការគ្រប់គ្រងយានយន្ត ពេលជួបឧបសគ្គជាយថាហេតុ ហើយត្រូវគោរពសិទ្ធិអាទិភាព និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដដោយសីលធម៌ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕