ភ្នំពេញ៖ ករណីឆក់កាបូបទាំងព្រឹក បណ្តាលឱ្យស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងជិះកង់អាគុយធ្វើដំណើរទៅកន្លែងធ្វើការ កាលពីវេលាម៉ោង៧ និង២០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវបេតុងក្បែរត្បូងវត្តជុំ ក្នុងភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ស្ត្រីរងគ្រោះខាងលើមិនស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៥០ឆ្នាំ ក្រោយកើតហេតុបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេបានឃើញស្ត្រីរងគ្រោះ ជិះកង់អាគុយតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីជើងទៅត្បូង នៅពេលធ្វើដំណើរហួសម្តុំវត្តជុំ បន្តិច ស្រាប់តែមានក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងបានជិះមកធ្វើសកម្មភាពឆក់កាបូប រួចក៏មានការប្រតាយប្រតប់គ្នា ហើយស្ត្រីរងគ្រោះក៏បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលកង់រងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុក្រុមជនសង្ស័យបានឆក់កាបូបបានសម្រេចហើយក៏ជិះគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធី៕