ខេត្តកែប ÷ តំបន់ឆ្នេរអង្កោល ត្រូវអ្នកមានលុយមានអំណាចចាក់លុបបំពានសាងសង់សំណង់រឹងមាំជាច្រើនកន្លែង។ អាជ្ញាធរខេត្តកែបថា នឹងចាត់វិធាការចំពោះជនឆ្លៀតឱកាស ដែលបានចាក់ដីចូលទៅក្នុងឆ្នេរអង្កោលនោះក្នុងពេលឆាប់នេះហើយ។ នេះបើតាមលោកប៊ុន យ៉ុង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យសាលាខេត្តកែប ប្រាប់ Mekong News តាមសារតេឡេក្រាមនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ។
លោកអ្នកនាំពាក្យសាលាខេត្តកែបបញ្ជាក់ថា៖ «សម្រាប់ជនឆ្លៀតឱកាស ដែលបានចាក់ដីចូលទៅក្នុងឆ្នេរនោះ រដ្ឋបាលខេត្តកំពុងតែរៀបចំលិខិតបទដ្ឋាន និងមានវិធានការឆាប់ៗនេះហើយ!»។
លោក ប៊ុន យ៉ុង បានមានប្រសាសន៍បែបនេះ ក្រោយមហាជនសង្កេតឃើញ មានសកម្មចាក់លុបឆ្នេរនៅឆ្នេរអង្កោល ស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើលខេត្តកែប ដោយស្ត្រីម្នាក់ ឈ្មោះម៉ៅ ញីប ដែលគេស្គាល់ថា ជាភរិយា របស់មន្ត្រីការិយាល័យសូរិយោដី ស្រុកកំពង់ត្រាច ខេត្តកំពត។
សូមបញ្ជាក់ផងដែរថា មហាជនក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តំបន់ឆ្នេរអង្កោលរពួកគាត់ឆ្ងល់ថា÷ ដីចំណីឆ្នេរសមុទ្រនេះជាឆ្នេរសាធាររណៈរបស់រដ្ឋឬមួយជាឆ្នេររបស់បុគ្គលឈ្មោះម៉ៅ ញីប ហេតុអ្វីបានជាបុគ្គនេះមានសិទ្ធិចាក់អាចម៍ដីលុបឆ្នេរសមុទ្រយកមកធ្វើជាកម្មសិទ្ធិរដោយមិនខ្លាចញញើតច្បាប់និងអាជ្ញាធរសោះ។
ប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា លោកស្រីម៉ៅ ញីប នេះគឺជាបុគ្គលដែលមានឥទ្ធិពលនិងមានអំណាចបំផុតនៅក្នុងទឹកដីខេត្តកែបនិងខេត្តកំពត! ហើយលោកស្រីរូបនេះកុំមានទំនាក់ទំនងស្អិតរមួត ជាមួយនឹងលោកធំម្នាក់នៅក្នុងខេត្តកែប ទើបលោកស្រីធ្វើអ្វីមិនខ្លាចច្បាប់មិនញញើតអាជ្ញាធរថ្នាក់ក្រោមនៅមូលដ្ឋាននោះទេ។
ទោះជាយ៉ាងណាមហាជនក៏ដូចជាប្រជាពលរដ្ឋកំពុងតែទន្ទឹងរង់ចាំមើលថា តើ អាជ្ញាធរស្រុកដំណាក់ចង្អើរក៏ដូចជាមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្តកែប ចុះទៅពិនិត្យមើលទីតាំងដីដែលលោកស្រីម៉ៅ ញីប លួចចាក់ដីលុបឆ្នេរអង្កោលនេះបន្តទៅទៀត។
ជុំវិញករណីខាងលើ លោកស្រីម៉ៅ ញីប មិនបានឆ្លើយតបតាមសារតេឡេក្រាមរបស់ Mekong News ទេ។
កន្លងមក មហាជនសូមសំណូមពរទៅកាន់អាជ្ញាធរដែលមាន មន្ត្រីជំនាញពាក់ព័ន្ធខេត្តកែប មេត្តាដាក់កម្លាំងមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងឆ្នេរសមុទ្រ ដែលអ្នកស្រីម៉ៅ ញីប ដែលបានចាក់ដីរំលោភយកឆ្នេរសមុទ្រអង្កោលនេះផងទាន ។
ជាមួយគ្នានេះដែរ មហាជនបានស្នើសុំ ដល់អាជ្ញាធរខេត្តកែប ទប់ស្កាត់និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ចំពោះអ្នកដែលចាក់អាចម៍ដីលុបឆ្នេរសមុទ្ររំលោភបំពានទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ដោយមអ្នកមានលុយ មានអំណាច ជាច្រើនទីតាំង នៅឆ្នេរសមុទ្រខេត្តកែបផងដែរ ៕