Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងការងារអប់រំច្បាប់ចរាចរណ៍ និងការបង្រ្កាបគ្រឿងញៀន

សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប មានការកើនឡើងខ្ពស់ ដែលការណ៍នេះ បានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារឆមាសទី១ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានបង្ហាញការព្រួយបារម្ភ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាប បានសម្លាប់មនុស្សស្ទើរតែម្នាក់ក្នុងមួយថ្ងៃ ដែលបញ្ហានេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ កាលពីសម័យសង្គ្រាម ប្រសិនបើមានការប្រយុទ្ធគ្នា វានឹងមានមនុស្សរបួសឬស្លាប់ ប៉ុន្តែបើមិនប្រយុទ្ធទេ មិនមានអ្នករបួសឬស្លាប់ទេ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នេះ គ្មានថ្ងៃណាដែលថាមិនមានមនុស្សស្លាប់និងរបួសនោះទេ។ ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងសាលារៀន រួមជាមួយភាគីពាក់ព័ន្ធនានា មានតួនាទីសំខាន់ណាស់នៅក្នុងការជួយពង្រឹងការអប់រំអំពីគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទប់ស្កាត់ បង្រ្កាបការជួញដូរ ការចែកចាយ និងការប្រើប្រាស់ថ្នាំញៀនផងដែរ។ លោកថា បើទោះបីជាសកម្មភាពទាំងអស់នេះ នៅក្នុងខេត្តសៀមរាបមានការថមថយក៏ដោយចុះ ប៉ុន្តែយ៉ាងណាក៏យើងត្រូវបន្តទប់ស្កាត់ និងបង្ក្រាបបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងឆមាសទី១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៨២លើក មានការកើនឡើង៤៨លើក បើធៀបទៅឆមាសទី១ ឆ្នាំ២០២៣ ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលមានកើនឡើងនេះ ភាគច្រើនបង្កឡើងដោយកត្តាបើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង ការវ៉ាជែងដោយមិនប្រុងប្រយ័ត្ន ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តសៀមរាប បានជំរុញដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ សំខាន់ចំពោះសិស្សានុសិស្ស ចំពោះការងារចរាចរណ៍ និងគ្រឿងញៀន ដែលជាចំណោទបញ្ហាចំពោះមុខយ៉ាងខ្លាំង ព្រមទាំងបញ្ហាគ្រោះធម្មជាតិជាដើមផងដែរ៕