Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ជនជាតិចិន វៀតណាមពីរនាក់ ជួញដូរគ្រឿងញៀន នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចអាវុធហត្ថបង្ក្រាប

បន្ទាយមានជ័យ៖ ជនជាតិចិន វៀតណាមពីរនាក់ ជួញដូរគ្រឿងញៀន នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាប បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្ត នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤។

ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ (ជួញដូរ និងប្រើប្រាស់), ២.ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ រក្សាទុក និងប្រើប្រាស់)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថាបន្ទាប់ពីសេចក្តីរាយការណ៍ថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំង ចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ចាប់បានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន០៨ថង់កិប ស្មើនឹងទម្ងន់១៦៨.១០ក្រាម, កញ្ចប់ម្ស៉ៅរូបតុក្កតាឆ្មារពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន1កញ្ចប់ ទម្ងន់ ៧០៨.៨០ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែស្ត្របឺរីពណ៌ខៀវ (អ៊ិចស្តាស៊ី) ចំនួន ១៥កញ្ចប់, កញ្ចប់ម្សៅរូបសេះពណ៌ក្រហម (អ៊ិចស្តាស៊ី) ចំនួន ៦កញ្ចប់ ក្រាម, ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ (សង្ស័យជាសារធាតុញៀន) ចំនួន ០២កញ្ចប់, ថ្នាំគ្រាប់រាងមូលពណ៌បៃតងចាស់ (សង្ស័យជាសារធាតុញៀន) ចំនួន៣កញ្ចប់ ស្មើនឹង៣២គ្រាប់ ទូរស័ព្ទ ចំនួន២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង កសាងសំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្តទៀត៕