Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព

សៀមរាប៖ សិស្សានុសិស្សចំនួន១១២នាក់ នៃវិទ្យាល័យហ៊ុនសែនសៀមរាប និងវិទ្យាល័យបាយ័ន ខេត្តសៀមរាប បានទទួលការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំខេត្ត ក្រោមកិច្ចសហការគាំទ្រពីអង្គការ People’s Action for Inclusive Development មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែក្កដា ឆ្នាំ២០២៤។

លោកស្រី សំ សាវ៉ាង មន្រ្តីការងារយុវជន នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ មានគោលបំណងជំរុញឲ្យយុវជនកាកបាទក្រហមកម្ពុជា ទទួលបាននូវចំណេះដឹងបន្ថែមជុំវិញការបង្ការការពារពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ហើយយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យចូលរួមការពារ និងទប់ស្កាត់ បទល្មើសពីការកេងប្រវ័ញ្ចគ្រប់រូបភាព និងបង្កើនឱកាសនៃការចូលរួមរបស់កុមារ ក្នុងសកម្មភាពអភវឌ្ឍសង្គមដោយគ្មានការរំលោភបំពាន និងការភ័យខ្លាច។

លោកស្រីបន្តថា ពិតណាស់សម័យឌីជីថលបច្ចុប្បន្ននេះ យុវជនមានការយល់ដឹងច្រើនពីវាក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ជាពិសេសការទំនាក់ទំនងគ្នាតាមបណ្ដាញនេះ ហើយវាក៏បានផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ការងារ ក៏ប៉ុន្តែបណ្តាញទំនាក់ទំនងសង្គមក៏វាមានផលប៉ះពាល់ផងដែរ។ ជាមួយនេះដើម្បីបង្ការពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ សូមមានការប្រុងប្រយ័ត្នការពារ ដោយត្រូវយល់ដឹងអំពីកម្មវិធីសុវត្ថិភាពថ្មីៗតាមអនឡាញ និងហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិត ពិសេសការរាប់អាននណាម្នាក់តាមបណ្ដាញទំនាក់ទំនងសង្គមត្រូវពិនិត្យឲ្យបានច្បាស់លាស់ ត្រូវជៀសវាងផ្ញើរូបភាព ឫវីដេអូរបស់អ្នកទៅកាន់ជនមិនស្គាល់ ប្រុងប្រយ័ត្នពេលមានគេឲ្យកាដូតាមអនឡាញ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចប្រសិនអ្នកសំរេចចិត្តជួបនរណាដោយផ្ទាល់ ហើយហាមដាច់ខាតមិនត្រូវផ្ញើរូបអាក្រាតកាយទៅកាន់នរណាក៏ដោយ ទោះបីអ្នកនោះជាសាច់ញាតិ ឫជាមិត្តភក្តិជិតស្និតក៏ដោយ។

ក្នុងនាមលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោក នួន ម៉ឺន នាយករងវិទ្យាល័យ ហ៊ុនសែន សៀមរាប បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ដល់យុវជន និងសិស្សានុសិស្ស លើការផ្ដល់ចំណេះដឹង និងណែនាំពីបញ្ហានានា ដែលធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ គ្រួសារ និងសង្គមជាតិ។ ជាមួយនេះលោកក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តឲ្យយុវជន និងសិស្សានុសិស្ស ត្រូវចេះទាញយកបទពិសោធន៍នូវរឿងល្អៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវ អំពីបច្ចេកវិទ្យាថ្មីៗដើម្បីអភិវឌ្ឍន៍នាពេលអនាគ និងការចូលរួមការពារខ្លួនពីបញ្ហាប្រឈម ដែលកើតមានតាមប្រព័ន្ធអនឡាញផងដែរ៕