Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អតីតមន្ត្រីប៉ូលីសទេសចរណ៍ម្នាក់នៅខេត្តកំពង់ឆ្នាំង បានស្លាប់ដោយសារពុលត្រី កំពត

កំពង់ឆ្នាំង៖ អតីតប៉ូលីសទេសចរណ៍ខេត្តកំពង់ឆ្នាំងម្នាក់ បានស្លាប់ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារពុលត្រីកំពត កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

ជនរងគ្រោះឈ្មោះ ចាន់ រដ្ឋាអាយុ ៦០ឆ្នាំ ជាអតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៧ ខែកក្កដា ជនរងគ្រោះ និងគ្រួសារមានគ្នា ៣នាក់ បានពិសារត្រីកំពត ចំណែករូបគាត់មានពិសាស្រាបៀរមួយកំប៉ុងផងដែរ។ ក្រោយពីពិសារត្រីកំពតហើយនៅម៉ោងប្រមាណ១៨ និង៣០នាទី ជនរងគ្រោះមានអាការៈមិនស្រួលហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ដោយសារស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរបានស្លាប់នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៨ ខែកក្កដា។

បើតាមលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តាមការសន្និដ្ឋានបឋមរបស់ក្រុមគ្រូពេទ្យ ជនរងគ្រោះពិតជាបានស្លាប់ដោយសារពុលត្រីកំពត ពិតប្រាកដមែន យ៉ាងណាក្រុមគ្រូពេទ្យនឹងបន្តពិនិត្យ តាមដានបន្ថែមទៀត។ លោកក៏បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការទទួលទានត្រីកំពតនេះ៕