Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

គ្រឿងញៀនជាង១០គីឡូក្រាម និងបារីអេឡិចត្រូនិចជាច្រើនទៀត ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដុតកម្ទេចចោល

សៀមរាប៖ ដើម្បីអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការដុតកម្ទេចចោលគ្រឿងញៀន ជាង១០គីឡូក្រាម និងបារីអេឡិចត្រូនិចជាច្រើនទៀត។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដសៀមរាប បញ្ជាក់ថា គ្រឿងញៀន និងវត្ថុតាងដែលបានរឹបអូសដោយសាលាដំបូង ដែលត្រូវដុតបំផ្លាញចោលនេះមានចំនួន៤៣សំណុំរឿង រួមមានគ្រឿងញៀនសរុបទម្ងន់ ១០,៥៧៦.១១ក្រាម បារីអេឡិចត្រូនិចគ្រប់ប្រភេទចំនួន ១៨កេសធំ និង៤៧ប្រអប់តូច ដែលបានចាប់យកក្នុងពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន រួមនឹងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ និងវត្ថុតាងផ្សេងៗមួយចំនួនទៀត។ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀនករណីធំជាលើកទីមួយនៅក្នុងខេត្ដសៀមរាប បានរហូតដល់ទៅជាង ១២០គីឡូក្រាម ប៉ុន្ដែមិនទាន់ដុតកំទេចចោលនៅឡើយទេ ដោយសារសុំណុំរឿងមិនទាន់បានបញ្ចប់នៅតុលាការនៅឡើយ។

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានថ្លែងថា ការវិវត្តរីកចម្រើនស្ទើគ្រប់វិស័យរបស់ខេត្ដនេះ ធ្វើឱ្យជនឱកាសនិយមខិលខូចមួយចំនួនលបលួចចរាចរណ៍នាំចូលនូវគ្រឿងញៀនគ្រប់ប្រភេទ ហើយបានចែកចាយបន្តទៅគោលដៅផ្សេងៗទៀត និងមួយចំណែកមកធ្វើសកម្មភាពចែកចាយដល់សមាសភាពមិនល្អ និងភ្ញៀវទេសចរមួយចំនួននៅតាមបណ្តាក្លឹបកំសាន្ត ភោជនីយដ្ឋាន ផ្ទះសំណាក់ ព្រមទាំងមានការរាលដាល ដល់ទីជនបទមួយចំនួនផងដែរ។ ជាមួយនឹងសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំងនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បានយកចិត្តទុកដាក់ដាក់ធ្វើសកម្មភាព ស្រាវជ្រាវ បង្ក្រាប ទប់ស្កាត់ និងអប់រំផ្សព្វផ្សាយជាបន្តបន្ទាប់។

លោកបន្ដថា រយៈពេល៥ខែ ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញបង្ក្រាបបានចំនួន២៣៨ករណី ឃាត់ខ្លួនមនុស្សចំនួន១.៣៩៣នាក់ ខណៈដែលវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត បានទទួលអ្នកញៀនគ្រឿងញៀនចំនួន ១.០៤៦នាក់។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តាំផ្ញើដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនោះ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹង សមត្ថភាព និងគុណភាពការងារ ខិតខំរកវិធីសាស្ត្រថ្មីៗ ឱ្យស្របទៅនឹងបរិបទនៃសម័យឌីជីថលដែលរាជរដ្ឋាភិបាល បាននិងកំពុងពង្រីកនាពេលបច្ចុប្បន្ននេះ៕