Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

សមិទ្ធផលថ្មីនៃទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ បន្ទាប់ពីចាប់ផ្ដើមជួសជុលកាលពីខែមីនា

សៀមរាប៖ ការងារជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប គិតមកទល់ពេលនេះសម្រេចបានជាង ៩០ភាគរយហើយ ដែលតាមការប៉ានប្រមាណអាចស្តុកទឹកនៃទំនប់នេះមានប្រមាណ ៣លានម៉ែត្រគូប បម្រើឱ្យការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។

លោក ប៊ុន ថន ប្រធានគ្រប់គ្រងការដ្ឋាន បានឱ្យដឹងថា ទំនប់អាងទឹកសួង៧៨ កសាងឡើងតាំងពីឆ្នាំ១៩៧៨ មានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង ១.០០០ហិកតា។ កន្លងមកទំនប់នេះ បានជួបនូវស្ថានភាពទឹកជំនន់រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំងស្រុង ដែលបណ្តាលឱ្យមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ក្នុងខែមីនា ឆ្នាំ២០២៤នេះ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជួសជុលទំនប់អាងទឹកនេះឡើងវិញ ហើយការងារសំខាន់ៗរួមមាន៖ ជួសជុលទំនប់ប្រវែង ៤.២០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យលើទំនប់ចំនួន៨កន្លែង ក្នុងនោះសំណង់ទ្វារទឹកចំនួន២កន្លែង សំណង់ទ្វារទឹកចំនួន៥កន្លែង និងសំណង់ទ្វារទឹកចំនួន ១កន្លែង។ ហើយបើគិតមកដល់ពេលនេ ការងារជួសជុលនេះសម្រេចបានជាង ៩០ភាគរយហើយ។

លោក កង ស៊ីជឿន ប្រធានក្រុមប្រឹក្សាឃុំអន្លង់សំណរ បានឱ្យដឹងថា កន្លងមកបងប្អូនប្រជាកសិករបានជួបការលំបាកដោយសារទំនប់បាក់ តែពេលនេះបានទទួលសមិទ្ធផលថ្មីដែលធ្វើឱ្យពួកគាត់មានការត្រេកអរ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាល។ បន្ទាប់ពីការងារនេះរួចរាល់ប្រជាពលរដ្ឋប្រមាណ ១.១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំអន្លង់សំណរ នឹងមានប្រភពទឹកទុកស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានស្រាប់ ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ ខ្នងទំនប់នឹងក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារ ព្រមទាំងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងតំបន់ផងដែរ៕