Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

អាជ្ញាធរខេត្តគ្រោងដាក់តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរនឹងប្រែក្លាយតំបន់មាត់ស្ទឹង និងតំបន់ជុំវិញវត្តរាជបូណ៌ ជាតំបន់កម្សាន្តទី៣ បន្ទាប់ពីតំបន់អង្គរ និងតំបន់ផប់ស្រ្ទីត។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិការ “ទស្សនៈមួយ សៀមរាបមួយ” កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅអគាររ៉ូស អេបផល ឃ្វែរ ក្រុងសៀមរាប។ លោក យុន លីនណេ បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានតំបន់កម្សាន្តដ៏មានប្រជាប្រិយចំនួន២ រួចមកហើយ គឺតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត។ ក្នុងគោលដៅទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបន្ថែមទៀត អាជ្ញាធរខេត្តគ្រោងនឹងបង្កើតតំបន់កម្សាន្តទី៣ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ៤០ហិកតា នៅតាមមាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ ដែលគម្រោងនេះក៏ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។

លោកបញ្ជាក់ថា “រដ្ឋបាលខេត្តសៀមរាប បានកំពុងរៀបចំជាមួយអង្គការដៃគូរៀបចំតំបន់មាត់ស្ទឹងរបស់យើងនិងតំបន់វត្តបូណ៌ជាតំបន់ទេសចរណ៍ទី៣ក្រៅពីតំបន់ប្រាសាទ និងតំបន់ផប់ស្ទ្រីត ដែលយើងនឹងរៀបចំតំបន់នោះឲ្យក្លាយជាតំបន់ប្រកបដោយការរស់នៅសុខដមរម្យនាជាមួយគ្នាមិនមានសម្លេងរំខានដូចផប់ស្ទ្រីត”។

បើតាមលោក យុន លីនណេ បច្ចុប្បន្នគម្រោងមួយនេះក៏កំពុងអនុវត្តសាកល្បងនៅលើដងផ្លូវតូចមួយដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ មកម្តុំវត្តរាជបូណ៌ផងដែរ។
លោកយុន លីនណេ ក៏បានឲ្យដឹងផងដែរថា វិបត្តិកូវីដ ១៩ បានធ្វើវិស័យទេសចរណ៍ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តសៀមរាប។ នៅក្នុងគោលដៅស្តារឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការស្ថាបនាផ្លូវ៣៨ខ្សែ ការកែលម្អសោភណ្ឌភាពស្ទឹងសៀមរាប និងការបើកដំណើរការព្រលានយន្តហោះថ្មី និងប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើម។

លោក យុន លីនណេ បន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានខិតខំសហការជាមួយដៃគូពាក់ព័ន្ធនានា រួមជាមួយនឹងវិស័យឯកជន បានធ្វើយុទ្ធនាការបៃតង តាមរយៈការដាំកូនឈើនៅតាមបណ្តាដងផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប ក៏ដូចជា តាមបណ្តាក្រុងស្រុកនានាផងដែរ ដើម្បីលើកកម្ពស់សោភ័ណភាពទេសភាពរបស់ខេត្តសៀមរាប ៕

default