Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

សៀមរាប៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់កុមារ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន បញ្ចប់ការសិក្សា និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

ក្នុងពិធីដាក់ឱ្យដំណើរការផ្ទះបាយសាលាបឋមសិក្សាល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងដំណើរទស្សនៈកិច្ចកម្មវិធីផ្ដល់អាហារនៅសាលាបឋមសិក្សាជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ លក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំបាននឹងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ លើសាលារៀនគោលដៅចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន ១០រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដោយមានសិស្សទទួលផលចំនួន ១៥៣.៥៨៦នាក់ និងចុងភៅ ១.៥១៨នាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២៤ ដោយបានចំណាយថវិកាចំនួន ៦.៦៣១.៦១១.៤៤២រៀល នៃថវិកាវិភាជសរុប ២២.២៤៧.២២៨.០០០រៀល។

សូមរំលឹកថា កម្មវិធីផ្តល់អាហាតាមសាលារៀនបានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម ៦៤សាលា ដែលមានអ្នកទទួលផល ៣៧.៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។ នៅប្រទេសកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១.១១៤សាលា ក្នុងខេត្តចំនួន ១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០.០០០នាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក។ នៅឆ្នាំសិក្សា ២០១៩-២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយក Model ប្រើប្រាស់កសិផលក្នុងសហគមន៍ យោងតាមប្រកាសអន្តរក្រសួងលេខ ០៩០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នដឹកនាំអនុវត្ត៕