Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

ខេត្តសៀមរាប នឹងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការ នៅខែវិច្ឆិកាខាងមុខនេះ

សៀមរាប៖ តាមរបាយការណ៍មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ ខេត្តសៀមរាប អត្រាប្រជាពលរដ្ឋដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានអត្រាគ្របដណ្តប់ក្នុងកម្រិត ៩៧,២២ភាគរយ ហើយត្រៀមប្រកាសការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងការរៀបចំផែនការសកម្មភាព ដើមី្បបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ក្នុងអត្រាគ្របដណ្តប់ ៩៧,២២ភាគរយនេះ ខ្នងផ្ទះដែលមានបង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២១៩.០៤៣ខ្នងផ្ទះ ស្មើនឹង៩០,៧៩ភាគរយ និងខ្នងផ្ទះប្រើប្រាស់បង្គន់រួមមានចំនួន ១៥.៥១៥នាក់ ស្មើនឹង ៦,៤៣ភាគរយ និងខ្នងផ្ទះដែលនៅបន្ទោរបង់ពាសវាលពាសកាលមានចំនួន ៦.៧០៥ ស្មើនឹង២,៧៨ភាគរយ។ ចំពោះស្រុក ODF មាន៦ស្រុក មានស្រុកអង្គរជុំ បន្ទាយស្រី ស្រុកអង្គរធំ ស្រុកក្រឡាញ់ និង ស្រុកប្រាសាទបាគង។ ដោយឡែកក្នុងនោះបញ្ហាប្រឈមរបស់មន្ទីរ ក្នុងការលើកកម្ពស់អនាម័យជនបទ គឺសម្រាប់ប្រជាពលរដ្ឋដែលមានខ្នងផ្ទះរស់នៅ ៦ខែគោក ៦ខែទឹករស់នៅជាប្រចាំ។

លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីក្រុមការងារផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាលក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលទទួលបានលទ្ធផលល្អប្រសើរ ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តសៀមរាប មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅតាមព្រៃទីទួលក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុង ត្រូវស្រងទិន្និន័យប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនដែលគ្មានបង្គន់បន្ទោបង់ ដើមី្បរួមសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ជាមួយនោះលោកក៏សូមអរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរពាក់់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍន៍ ដែលបានសហការគ្នាសម្រេចបានលទ្ធផលការងារល្អប្រសើរលើការងារអនាម័យសុខភាពប្រជាពលរដ្ឋនៅខេត្តសៀមរាប៕