Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

កូនឈើព្រៃលិចទឹក ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅតំបន់បឹងទន្លេសាប ក្នុងខេត្ដសៀមរាប

សៀមរាប៖ កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការដាំលើផ្ទៃដីព្រៃលិចទឹករីករឹលចំនួន ២ហិកតា នៅចំណុចស្រែខ្យង ខាងជើងបឹងទន្លេសាប ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា ការដាំដើមឈើមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានរបស់ខ្លួនផងដែរ។ កូនឈើព្រៃលិចទឹកទាំងនោះ រួមមានកូនឈើរាំង, តាអួរ, ផ្ទោល, កន្សែង, ម្តេញ និងសណ្តាន់ រួមនិងកូនឈើប្រភេទព្រៃលិចទឹកជាច្រើនទៀត។

លោក អុឹង គឹមលាង អភិបាលរងខេត្ដ បានមានប្រសាសន៍ថា ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដំាដើមឈើឲ្យបានគ្រប់ៗគ្នា។ ព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកនេះ គឺជាការស្តារឡើងវិញនូវតំបន់ព្រៃរីករឹល ដើមី្បបង្កើននូវធនធានធម្មជាតិ និងជាទីកន្លែងជម្រងពូជមច្ឆាជាតិពងកូននៅក្នុងរដូវវស្សា និងជាទីជម្រកស្នាក់នៅរបស់សត្វស្លាបគ្រប់ប្រភេទទៀតផង។

លោកអភិបាលរងខេត្ត បញ្ជាក់ថា គោលដៅរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងស្តារឡើងវិញនូវព្រៃលិចទឹក ដោយបានចលនាដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងសិស្សានុសិស្ស ក៏ដូចជាអង្គការដៃគូរ ដើមី្បធ្វើការដាំដុះកូនឈើព្រៃលិចទឹក នៅតាមតំបន់ព្រៃរីករឹលក្នុងមួយឆ្នាំឲ្យបាន ២ម៉ឺនដើម។ បច្ចុប្បន្ននេះរដ្ឋបាលខេត្តសហការជាមួយអង្គការដៃគូរ ធ្វើការដាំដុះកូនឈើព្រៃលិចទឹកបានចំនួន ៣គោលដៅ ស្មើ ១ម៉ឺន ៣ពាន់ដើម ព្រមទាំងបន្តធ្វើការដាំដុះនៅកន្លែងផ្សេងៗទៀតនៅក្នុងតំបន់ព្រៃលិចទឹកមាត់បឹងទន្លេសាបនេះ។ លោកថា ព្រៃឈើលិចទឹកបានរួមចំណែកយ៉ាងសំខាន់ដល់អេកូទេសចរណ៍ និងបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តជាដើម។

ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា និង ត្រូវខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ក៏ដូចជាមនុស្សជាតិទាំងមូល។

តំណាងអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន បានបញ្ជាក់ថា ក្រោមជំនួយប្រទេសអៀរឡង់ តាមរយះអង្គការ អ៊ុកស្វាម ប្រទេសកម្ពុជា បានផ្តល់ជំនួយកូនឈើប្រមាណ ១៩.៥៦០ដើម ដើម្បីដាំក្នុងតំបន់ព្រៃលិចទឹកក្នុងឃុំដូចជា ឃុំសសរស្តម្ភ ស្រុកពួក, ឃុំសំបួរ ស្រុកក្រឡាញ់, ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលបានដាំលើផ្ទៃដីសរុប ១២ហិចតា៕