ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនសំណុំរឿងឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ពន្ធ័នឹងការបាញ់សម្លាប់គូរដណ្តឹងដ៏ស្រស់ស្អាតមួយគូទៅជំនុំជម្រះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ចំនួន ៣សំណុំរឿង គឺ៖
១.សំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៩១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ឃាតកម្ម និងប្រើប្រាស់ អាវុធដោយគ្មានការអនុញ្ញាត។
២. សំណុំរឿងព្រហ្មទណ្ឌលេខ ៤០៥៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
៣. សំណុំរឿងព្រហ្មទណ្ឌលេខ ៤១៩៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ពីបទ រំលោភលើលំនៅឋាន ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញកិច្ចស៊ើបសួរដោយហ្មត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេច បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំង២ខាងលើ ទៅតុលាការជំនុំជម្រះ តាមដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះលេខ ៦៧៨៧ “ង” ដដ និងលេខ ៦៧៨៨ “ង” ដដ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយតុលាការ នឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខ។
រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាននិងកំពុងត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ ក៏បានទទួលចាត់ការសំណុំរឿងរដ្ឋប្បវេណី ដែលភាគីដើមបណ្តឹងរដ្ឋប្បវេណីជាសាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ហើយតុលាការបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិនោះតាមការស្នើសុំរបស់ភាគី ដើមបណ្តឹងរដ្ឋប្បវេណី។ ក្រោយមកមានបណ្តឹងតវ៉ារបស់តតិយជនលើការសម្រេចរបស់តុលាការពាក់ព័ន្ឋនឹងដីចំនួន ១ (មួយ) កន្លែង។ សំណុំរឿងរដ្ឋប្បវេណីទាំង២នេះ តុលាការកំពុងចាត់ការតាមនីតិវិធីច្បាប់៕
៩