Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងព័ត៌មាន៖ យើងគាំទ្រការឈឺឆ្អាលរឿងជាតិ ប៉ុន្តែកុំឈឺឆ្អាលតាមបែបសត្វទន្សាយផ្អើលផ្លែព្នៅ

សៀមរាប៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា ការឈឺឆ្អាលរបស់ប្រជាពលរដ្ឋចំពោះប្រទេសជាតិ យើងគាំទ្រជានិច្ច ប៉ុន្តែសូមកុំឈឺឆ្អាតតាមបែបសត្វទន្សាយផ្អើលផ្លែព្នៅ ។

ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជូនដល់អ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា បច្ចុប្បន្ននេះក្រុមប្រឆាំង បាននឹងកំពុងលើកយកបញ្ហាត្រីកោណអភិវឌ្ឍន៍ CLV-DTA មកវាយប្រហារ ក្នុងបំណងញុះញុងឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយនឹងការញុះញុងនេះ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនដែលគិតមិនបានគ្រប់ជ្រុងជ្រោយនោះ បានជឿលុងនឹងឧបាយរបស់ពួកគេ។

លោកបានលើកឡើងបន្ថែមថា តំបន់ត្រីកោណអភិវឌ្ឍន៍ ជាចំណុចព្រំដែនរួមគ្នារវាងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ហើយការអភិវឌ្ឍនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន កាលពីឆ្នាំ១៩៩៩មកម្ល៉េះ ពោលគឺនៅក្នុងរាជរដ្ឋាភិបាលអណត្តិទី២ ។ បន្ទាប់ពីមានកិច្ចព្រមព្រៀងគ្នានេះ រដ្ឋសភាកម្ពុជា ក៏បានបង្កើតក្រុមការងារមួយដើម្បីពិនិត្យវាយតម្លៃផលប៉ះពាល់នានាអំពីកិច្ចព្រមព្រៀងនេះ ដោយនៅក្នុងក្រុមការងារនេះ ក៏មានវត្តមានសមាជិកសភាមកពីគណបក្សសមរង្ស៊ី ចូលរួមផងដែរ។ លោកបញ្ជាក់ថា បើមានផលប៉ះពាលមែនហេតុអីបានជាកាលហ្នឹងបក្សប្រឆាំងមិននិយាយ? ហើយការឃោសនារកសម្លេងឆ្នោតនៅគ្រប់អណត្តិម្តេចក៏បក្សប្រឆាំងមិនយាយរឿងនេះ?

លោក ជា ច័ន្ទបរិបូរណ៍ លើកឡើងថា កាលពីមុនខេត្តទាំង៤នៅភូមិភាគឥសានរបស់កម្ពុជា(ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគិរី) វានៅឆ្ងាយដាច់ស្រយាលពីគេ ប៉ុន្តែគម្រោងអភិវឌ្ឍត្រីកោណនេះ បានធ្វើឲ្យខេត្តទាំង៤មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកថា បើនិយាយរឿងជាតិ ឈឺឆ្អាលរឿងជាតិ យើងគាំទ្រ ប៉ុន្តែកុំឈឺឆ្អាលតាមបែបទន្សាយផ្អើលផ្លែព្នៅដូចនៅក្នុងរឿងព្រេងបុរាណខ្មែរនោះមិនកើតទេ។

បើតាមលោក ជា ច័ន្ទបរិបូរណ៍ ប្រសិនបើយើងកែប្រែពីការផ្អើលដោយមិនដឹងហេតុ ទៅជាការទៅពិនិត្យ តាមដាន រិះគន់លើផ្នែកអភិបាលកិច្ចវិញនោះទើបជារឿងដែលត្រឹមត្រូវ៕