Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម សហការជាមួយអូស្ត្រាលី ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាលនៅកម្ពុជា

ភ្នំពេញ​:​   ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា តាមរយៈកម្មវិធី CAPRED បានសហការរៀបចំសិក្ខាសាលាស្តីពីភាពប្រកួតប្រជែងវិស័យកម្មន្តសាល ឧស្សាហកម្មប្រតិគមន៍ និងការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមក្នុងគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាលរបស់កម្ពុជា។​

នេះបេីយោងតាមសេចក្តីប្រកាសព័ត៍រួមរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។ 

ឧស្សាហកម្មផ្នែកកម្មន្តសាលមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា ប៉ុន្តែវិស័យនេះត្រូវបានមើលឃើញថានៅបន្តពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើម ដែលទាមទារការអភិវឌ្ឍបន្ថែម ដើម្បីបង្កើនភាពប្រកួតប្រជែងជាសាកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងប្រើប្រាស់លទ្ធភាពរបស់ខ្លួន រួមនឹងជំនាញរបស់កម្មវិធី CAPRED ដើម្បីរៀបចំបង្កើតឧបករណ៍ អភិវឌ្ឍគោលនយោបាយនិងកម្មវិធីដែលមានប្រសិទ្ធភាព ចាំបាច់សម្រាប់ការធ្វើពិពិធកម្មវិស័យកម្មន្តសាល ជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ការធ្វើសមាហរណកម្មសហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃសាកល។

ក្នុងសុទ្ទរកថាបើសិក្ខាសាលានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖វិស័យកម្មន្តសាលរបស់កម្ពុជាមានសក្តានុពលធំធេង សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ សិក្ខាសាលានេះមានគោលបំណងប្រែក្លាយចំណេះដឹង និងជំនាញ ទៅជាយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ក្នុងគោលដៅលើកកម្ពស់វិស័យកម្មន្តសាល​​កម្ពុជាឱ្យឈានឆ្ពោះទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍ។

លោក អនឌ្រីស សាប្រាក ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា​ ​មានប្រសាសន៍ថា៖ប្រទេសអូស្ត្រាលីប្ដេជ្ញាចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មរបស់​​កម្ពុជា។ តាមរយៈការពង្រឹងភាពប្រកួតប្រជែងវិស័យកម្មន្តសាល យើងកំពុងបង្កើតឱកាសសម្រាប់អាជីវកម្មក្នុងស្រុកនានាឱ្យរីកចម្រើន និងសម្រាប់វិបុលភាពរបស់ប្រជាជនកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មជំរុញការអភិវឌ្ឍ និងឧស្សាហូបនីយកម្មនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ក្រសួងបាននិងកំពុងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការអភិវឌ្ឍហេថារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មក្រុមហ៊ុនក្នុងស្រុកទៅក្នុងខ្សែច្រវាក់តម្លៃសាកល ព្រមទាំងគំនិតផ្តួចផ្តើមដូចជា ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមជាដើម។ តាមរយៈ​​​កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងមានគោលដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូល ជំរុញការបង្កើតការងារ និងរួមចំណែកដល់ការកសាងខឿនសេដ្ឋកិច្ច ដែលកាន់តែមានភាពធន់ និរន្តរភាព និងបរិយាបន្ន សម្រាប់​​កម្ពុជា។

កម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី លើកម្ពស់គំនិតផ្តួចផ្តើមទាំងនេះ ដោយផ្តល់ការគាំទ្រផ្នែកគោលនយោបាយ និងជំនួយចាំបាច់ក្នុងវិស័យសំខាន់ៗ រួមមានការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមជាដើម។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ MISTI media@misti.gov.kh

ស្ថានទូតអូស្ត្រាលី៖ Media.Cambodia@dfat.gov.au