Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

កម្មករសំណង់ម្នាក់ស្រវឹងស្រាមិនព្រមទៅផ្ទះ បែរជាទៅទិញស្រាមកផឹកថែមនៅលើផ្លូវរថភ្លើង ត្រូវបានរថភ្លើងបុកកិនស្លាប់

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បន្ទាប់ពីផឹកសុីស្រវឹងធ្លាក់ភ្នែក មិនព្រមទៅសម្រាកសង្ស័យមិនទាន់អស់ចិត្តទើបទិញស្រាមកផឹកលើផ្លូវរថភ្លើងបន្តទៀត ស្រាប់តែមានអ្នកភូមិនៅជិតនោះប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាមដោយមានសភាពបែកក្បាល ដែលគេសង្ស័យថា ត្រូវរថភ្លើងបុកកិន ព្រោះមានរថភ្លើង១ខ្សែបើកឆ្លងកាត់។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវរថភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសខាងលើត្រូវបានគេស្គាល់ឈ្មោះ សារឿន មាន អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០១ ខែសីហា បន្ទាប់ពីចេញពីធ្វើការបុរសខាងលើរួមជាមួយប្អូនប្រុសជីដូនមួយម្នាក់ទៀតបានជិះម៉ូតូ១គ្រឿងនាំគ្នាដើរផឹកសុីនៅក្នុងភូមិ ពេលនោះបានផឹកចំនួន៣កន្លែងរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏បាននាំគ្នាទៅកោសជប់នៅម្ដុំជិតខ្លោងទ្វារវត្តស្ងួនពេជ្រ។ លុះកោសជប់រួចអត់ព្រមចូលទៅសម្រាកទេ ក៏បានទិញស្រានាំគ្នាទៅអង្គុយផឹកសុីនៅលើផ្លូវរថភ្លើងត្រង់ចំណុចកើតហេតុនោះបន្តទៀត ។

ប្រភពដដែលបានបន្តទៀតថា រហូតដល់វេលាម៉ោង១២និង០០នាទីយប់ថ្ងៃដដែលប្អូនប្រុសជីដូនមួយបានបបួលទៅកន្លែងស្នាក់នៅវិញ ប៉ុន្តែបុរសរងគ្រោះមិនព្រមទៅទេ ដោយប្រាប់អោយប្អូនប្រុសជីដូនមួយទៅមុនទៅ ចាំគាត់ទៅតាមក្រោយ ហើយប្អូនប្រុសជីដូនមួយក៏បានទៅមុបាត់ទៅ។ រហូតដល់វេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ស្រាប់តែគេប្រទះឃើញគាត់ស្លាប់នៅក្នុងថ្លុកឈាម ដោយមានសភាពបែកក្បាល សង្ស័យត្រូវរថភ្លើងបុកព្រោះនៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រនោះ មានរថភ្លើង១ខ្សែបើកបរចេញពីភ្នំពេញទៅកាន់ខេត្តកំពត ។

ក្រោយពេលកើតហេតុសពបុរសខាងលើមិនត្រូវបានយកចេញពីកន្លែងកើតហេតុភ្លាមៗនោះទេ រងចាំសមត្ថកិច្ចជំនាញពិនិត្យធ្វើកំណត់ហេតុរួច ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕