Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

ប្រតិភូរដ្ឋសភាជប៉ុន ចុះសិក្សាស្វែងយល់ និងពិនិត្យវឌ្ឍនភាពការងារសាងសង់សារមន្ទីរតេជោសន្តិភាព នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

សៀមរាប៖ ប្រតិភូរដ្ឋសភាជប៉ុន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះបំពេញទស្សនកិច្ចផ្លូវការនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា និងពិនិត្យពីវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្ដល់ជូនអង្គភាពស៊ីម៉ាក់តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញថា សង្គ្រាមនៅកម្ពុជា បញ្ហាសកម្មភាពគ្រាប់មីន ការបោសសំអាតមីន កំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម ដំណើរការនៃការកសាងសន្តិភាព ការអភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ និងបានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់លើការងារបោសសម្អាតមីននៅកម្ពុជា និងបណ្តាប្រទេសមួយចំនួនលើសកលលោកផងដែរ។

លោកអគ្គនាយក បញ្ជាក់ថា ល្បឿននៃការបោសសំអាតគ្រាប់មីននៅកម្ពុជា មានភាពជឿនលឿនខ្លាំង និងមានប្រសិទ្ឋភាពដោយសារតែទទួលបាននូវអំណោយទាំងសម្ភារៈ បច្ចេកទេស និងគ្រឿងចក្ររបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ជាហេតុបានជំរុញ និងជួយពន្លឿនការបោសសំអាតមីនៅកម្ពុជាបានលឿន។ បើគ្មានគ្រឿងចក្រ និងឧបករណ៍ទំនើបទេមកដល់ពេលនេះ កម្ពុជាមិនអាចសម្រេចជោគជ័យ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលមានប្រមាណជាង ៤.២០០នាក់ នៅឆ្នាំ១៩៩៥ ហើយធ្លាក់មកនៅ ៣២នាក់ នៅឆ្នាំ២០២៣ និង៦ខែ ដើមឆ្នាំ២០២៤ មាន ៣២នាក់ដែរ។

លោក យ៉ាម៉ាហ្គឹឈិ ណាត់ស្សឹអុ (Yamaguchi Natsuo) សមាជិករដ្ឋសភាជប៉ុន បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពបោសសំអាតមីនរបស់កម្ពុជា ដែលបានធ្វើសកម្មភាពតាំងពីដើមទសវត្សរ៍ទី៩០ រហូតមកដល់ពេលនេះទទួលបានលទ្ឋផលល្អគួរជាទីគាប់ចិត្ត។ មិនត្រឹមតែក្នុងប្រទេសទេ CMAC ក៏បានចូលរួមចែករំលែកបទពិសោធដោះស្រាយបញ្ហាគ្រាប់មីន និងយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសទី៣ មួយចំនួនទៀត ដូចជា៖ កូឡំប៊ី អ៊ឺរ៉ាក់ អង់ហ្គោឡា ឡាវ ភូមា និងប្រទេសអ៊ុយក្រែន និងប្រទេសតំបន់អាហ្វ្រិកមួយចំនួនទៀត ដែលនេះជាការរួមចំណែកជាសកលមានតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។

លោកក៏បានបង្ហាញភាពជឿជាក់ថា លើពិភពលោកមានប្រទេសជាច្រើនជួបបញ្ហាដោយសារគ្រាប់មីន និងធ្វើការបោសសំអាតមីន កំចាត់មីន ប៉ុន្តែមានតែ CMAC ទេ ដែលមានសមត្ថភាព និងបទពិសោធខ្ពស់លើបញ្ហានេះ។ ហេតុនេះសង្ឃឹមថា CMAC នឹងបន្តរួមចំណែកក្នុងវិស័យនេះជាបន្តទៀត ខណៈដែលកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាលើវិស័យមីននេះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងបន្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសអង្គភាព CMAC ក្នុងការកម្ចាត់ចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាជន និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា។

សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់មានចំនួនប្រមាណជាង ២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាព ៣សំខាន់ គឺ១.ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាព CMAC, ២.ការផ្ដល់តាមរយៈអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាព CMAC និង៣.ការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស៕