Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានជាតិ

មេបញ្ជាការកងររាជអាវុធហត្ថបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលីមរណៈ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលីមរណៈ ចំនួន៨១នាក់ ដើម្បីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវារបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤ ។

លោកឧត្តមសេនីយត្រី បោន ប៊ិន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ដោយក្តីនឹករលឹក។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានរំឭកអំពីភាពអង់អាចក្លាហានរបស់យោធិន ដែលបានខិតខំតស៊ូពុះពារលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិទាំងមូលរហូតដល់ទទួលបាននូវសុខសន្តិភាពពេញលេញ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកឣំណោយរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ឣគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជឣាវុធហត្ថលើផ្ទៃប្រទេស ចែកជូនដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ចំនួន៨១នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន១កេសតូច, ត្រីខ២យួរ,ភេសជ្ជ:២កេស ,,អង្ករ២៥គីឡូក្រាម , សារ៉ុង១ រួមនឹងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕