Connect with us

Hi, what are you looking for?

Mekong News

បរិស្ថាន

រយៈពេល២ឆ្នាំខាងមុខ អាជ្ញាធរនឹងដាំដើមឈើឲ្យបាន ១ម៉ឺនដើម នៅតាមដងផ្លូវក្នុងក្រុងសៀមរាប

សៀមរាប៖ រយៈពេល២ឆ្នាំទៅមុខទៀត អាជ្ញាធរខេត្ត និងសហការជាមួយអ្នកពាក់ព័ន្ធ ដាំដើមឈើឲ្យបាន ១មុឹនដើម នៅតាមដងផ្លូវក្នុងក្រុងសៀមរាប។

ក្នុងឱកាសដាំដើមដើមលឿងរាជ ចំនួន២២២ដើម ក្នុងគម្រោង ធី ដើមឈើសម្រាប់ជីវិត (Project T-Trees For Life) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ បានលើកឡើងថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។

លោកបន្តថា ព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើង នៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។ ចំពោះកូនឈើ ដែលបានដាំរួចនាពេលនេះ សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដែលមានទីលំនៅស្ថិតនៅទីតាំងនេះ ចូលរួមថែរក្សាឱ្យបានជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

លោកថា ការដាំដើមឈើនាពេលនេះ គឺជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធយើង ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ លើសពីនេះក៏ បានបង្ហាញឱ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដម ពីគ្រប់មជ្ឈដ្ឋាន ចលនាដាំដើមឈើ ដោយចាត់ទុកចលនានេះជាកាតព្វកិច្ចដ៏ចំបង ផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅ ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាបរបស់យើង៕